នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាពីការបង្កើតភូមិថ្មី បំបែក បង្រួម និងរំសាយភូមិ នៅសាលប្រជុំសាលាខេត្ត អាគារB ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកក្រុងទាំង៩ មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងក្នុងឱកាសនៃការបើកអង្គប្រជុំនេះ ឯកឧត្តម ថង សាវុន បានលើកឡើងពីសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃស្ដីពីការបង្កើតភូមិថ្មី ពង្រីក បង្រួម និងរំសាយភូមិ ដែលក្នុងនោះមេឃុំ ចៅសង្កាត់នៅពេលដែលពិនិត្យឃើញមានតម្រូវការចាំបាច់ក្នុងការបង្កើតភូមិថ្មី ឬការបំបែក ឬរំសាយ និងបង្រួមភូមិ ត្រូវចាត់ឱ្យមានគណៈកម្មការមួយ ដើម្បីស្រាវជ្រាវ រៀបចំរបាយការណ៍ និងឯកសារផ្សេងៗ ទៅសុំការសម្រេចពីក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រសិនបើក្រុមប្រឹក្សាឃុំ សង្កាត់សំរេចឯកភាព លើសំណើសុំបង្កើតភូមិថ្មី ឬបំបែក ឬរំសាយភូមិ និងបង្រួមបញ្ចូលគ្នានោះ មេឃុំ ចៅសង្កាត់ត្រូវលើកសំណើរទៅអភិបាលខេត្ត ក្រុងសាមី។ ក្រោយពីទទួលបានសំណើ អភិបាលខេត្តក្រុងត្រូវចាត់អោយធ្វើការពិនិត្យ និងវាយតំលៃតាមលក្ខណៈវិនិច្ឆ័យខាងលើ។ ករណីពិនិត្យឃើញថា សំណើនេះមានលក្ខណៈសមស្របហើយ អភិបាលខេត្តក្រុងត្រូវសុំការសំរេចពីក្រសួងមហាផ្ទៃ។ ការបង្កើតភូមិថ្មី ឬការបំបែក ឬការរំសាយ និងការបង្រួមភូមិត្រូវធ្វើដោយប្រកាសក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាក្នុងករណីដែលមានហេតុផលគ្រប់គ្រាន់បញ្ជាក់ថា សំណើសុំបង្កើតភូមិថ្មី ឬរំសាយ និងបង្រួមភូមិណាមួយដែលមិនស្របតាមលក្ខណៈវិនិច្ឆ័យ និងមិនអនុវត្តតាមបែបបទ ក្រសួងមហាផ្ទៃអាចបដិសេដសំណើសុំបង្កើតភូមិថ្មី ឬបំបែក ឬរំសាយ និងបង្រួមភូមិនោះ រួចហើយត្រូវណែនាំអោយរៀបចំសំណើរជាថ្មី ឬអាចផ្អាកការបង្កើតភូមិថ្មី ឬការបំបែក ឬការរំសាយ និងបង្រួមភូមិនោះ ដោយភ្ជាប់ជាមួយនូវការណែនាំអំពីវិធានការចាំបាច់នានាក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការអភិវឌ្ឍន៍ភូមិទាំងនោះ។
ឯកឧត្តម ថង សាវុន ក៏បានសំណូមពរ ដល់មេឃុំ ចៅសង្កាត់នៅពេលដែលពិនិត្យឃើញមានតម្រូវការចាំបាច់ក្នុងការបង្កើតភូមិថ្មី ឬការបំបែក ឬរំសាយ និងបង្រួមភូមិ ត្រូវធ្វើការស្រាវជ្រាវ រៀបចំរបាយការណ៍ និងឯកសារផ្សេងៗ អោយបានច្បាស់លាស់ ដើម្បីអោយការងារនេះទទួលបានជោគជ័យ៕