ឯកឧត្តម ថង សាវុន អញ្ជើញចុះត្រួតពិនិត្យ ដំណើរការជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១៦៥០ម៉ែត្រក្នុងក្រុងបានលុង

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយលោកអភិបាលរងខេត្ត អភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជួសជុលឡើងវិញ កំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រចាប់ពីចំណុចមុខផ្សារទំនើបសុីត្រា ដល់ចំណុចមុខសណ្ឋាគារSNបឹងកំសាន្តស្ថិតនៅសង្កាត់បឹងកន្សែង ក្នុងក្រុងបានលុងដែលត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ។

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយលោកអភិបាលរងខេត្ត អភិបាលក្រុងបានលុង និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យដំណើរការជួសជុលឡើងវិញ កំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រចាប់ពីចំណុចមុខផ្សារទំនើបសុីត្រា ដល់ចំណុចមុខសណ្ឋាគារSNបឹងកំសាន្តស្ថិតនៅសង្កាត់បឹងកន្សែង ក្នុងក្រុងបានលុងដែលត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ លោក សាយ សាមាន បន្តថាផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដាស្រុកអូរជុំ , វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ លោកក៏បានបញ្ជាក់អោយដឹងផងដែរថា ដំណើរការជួសជុល គិតចាប់ពីថ្ងៃបើកការដ្ឋានមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៣០% ហើយ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គ្រោងនឹងបញ្ចប់ជួសជុលកំណាត់ផ្លូវនេះ អោយរួចរាល់នៅចុងឆ្នាំ២០២១ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ បរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការ សម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានសំណូមពរ ដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរ បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបរមិនត្រូវលើសល្បឿនកំណត់ ជាពិសេសត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ក្នុងគោលបំណងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង ស្របតាមពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញត្រួតពិនិត្យ ការរៀបចំការ៉ូឡា និងការរៀបចំលម្អបន្ថែមទៀតអោយបានស្អាត តាមដងមហាវិថីឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូថងផងដែរ ។

ឆ្លើយតបនឹងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើង ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារខ្លួន និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ៣ការពារ ៣កុំ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕

Leave a Reply