ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។
យោងតាមបទបញ្ជាដែលផ្ញើទៅកាន់ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានសកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា៖«កម្លាំងប្រចាំការនៅតាមគោលដៅ មិនត្រូវអង្គុយ សួរនាំអ្នកធ្វើដំណើរនោះទេ ហើយជាពិសេសក៏មិនត្រូវរុញដាក់គ្នាដើម្បីសម្រេចក្នុងការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ»៕