នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមថង សាវុន ប្រធានអនុគណៈកម្មការចំពោះកិច្ចក្នុងការចាក់វ៉ាក់សាំងសម្រាប់ខេត្តរតនគិរី បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលស្រុកក្រុងទាំង៩ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តម ថង សាវុន បានធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងសម្រាប់មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យាជួរមុខ ក្នុងរយៈពេលពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៩ ខែមេសាកន្លងមកនេះ គឺមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៦,៥១៦នាក់ អ្នកអាចចាក់វ៉ាក់សាំងបានចំនួន ៥,៨៩៣នាក់ អ្នកមិនអាចចាក់បានចំនួន ៦២៣នាក់ ចំពោះអតីតយុវជន យោធិន មានអ្នកស្ម័គ្រចិត្តចំនួន ១៦៨នាក់ អ្នកអាចចាក់បានចំនួន ១៣២នាក់ និងអ្នកមិនអាចចាក់បានចំនួន ៣៦នាក់ ។ ហើយចំពោះគោលដៅបន្ទាប់នៅពេលដែលវ៉ាក់សាំងមកដល់ជាបន្ដ គឺចាក់ជូនចំពោះប្រជាជនរស់នៅទីតាំងទីប្រជុំជនក្រុង ទីប្រជុំស្រុក និងទីប្រជុំជនផ្សារ ក្រុមយុវជន និងក្រុមវ័យចាស់ៗដែលប្រឈមមុន ។ ឯកឧត្តមក៏បានសំណូមពរអោយបងប្អូនមន្រ្ដីរាជការទាំងអស់អញ្ជើញមកទទួលចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍យើងទាំងមូល ព្រមទាំងត្រូវបន្ដអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន គឺ៣ការពារ ៣កុំ ដើម្បីអោយយើងទាំងអស់គ្នា ជៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ។
ឯកឧត្តមក៏បានអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធ ក្រុមការងារ និងមន្រ្ដីពាក់ព័ន្ធទាំងអស់អនុវត្តតាមផែនការសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ទាក់ទងនិងការបម្រាមគោចរជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំ ប្រមូលផ្ដុំ ទទួលទានអាហារ តាមភោជនីយដ្ឋាន និងទីកន្លែងសាធារណៈនានា ក្នុងភូមិសាស្រ្ដខេត្តរតនគិរី ចន្លោះចាប់ពីពេលយប់ពីម៉ោង៩យប់ ដល់ម៉ោង៥ព្រឹកជាកំហិត ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១០ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ ព្រមទាំងពង្រឹងការចេញចូលខេត្តតាមច្រកព្រំប្រទល់ខេត្តនិងខេត្ត តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល អោយបានម៉ត់ចត់ និងបានត្រឹមត្រូវ។