ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំង(ស៊ីណូរ៉ាក់) ក្នុងជំហានទី១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្តផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងជំហានទី១នេះ នៅទូទាំងខេត្តកំពង់ចាម មានចំនួន១២៨៨នាក់ ហើយត្រូវចាក់ជូនអ្នកស្ម័គ្រចិត្ត ជំហានទី២ ជាបន្តបន្ទាប់ទៀត ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ការពារសុខភាព ដោយមិនឲ្យជំងឺកូវីដវាយលុកចូលក្នុងខ្លួនប្រាណយើងបានឡេីយ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដេីម្បីការពារអាយុជីវិតខ្លួនឯង ដោយជំងឺដ៏កាចសាហាវនេះ វាអាចផ្តេីមចេញពីខ្លួនយេីងម្នាក់ៗ ហេីយក៏ធ្វើឲ្យប៉ះពាល់ដល់អ្នកដ៏ទៃទៀតផង។
ក្រៅពីនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឲ្យមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងនេះឡេីយ ព្រោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម សរុបជាង២ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនមានបញ្ហាប៉ះពាល់ដល់សុខភាពអ្វីឡើយ តែផ្ទុយទៅវិញវាអាចការពារអាយុជីវិតយើង ឲ្យចាកផុតពីការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ ។
ឯកឧត្តម ឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះសមាជិកសមាគមអតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានទី១ សរុបចំនួន១២៨៨នាក់ រួមមាន៖ ក្រុងកំពង់ចាម ចំនួន១៨៥នាក់ និងស្រុកកំពង់សៀម ចំនួន១៩៥នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យខេត្តកំពង់ចាម។
ដោយឡែកស្រុកព្រៃឈរមានចំនួន១៧៣នាក់, ស្រុកជើងព្រៃ ១៣០នាក់, ស្រុកបាធាយ ១៨៦នាក់, ស្រុកចំការលើ ១១១នាក់ , ស្រុកស្ទឹងត្រង់ ៧៣នាក់ , ស្រុកកោះសូទិន ៦៦នាក់, ស្រុក កងមាស ១០៣នាក់ និងស្រុកស្រីសន្ធរ ៦៦នាក់ ដោយត្រូវចាក់នៅមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ ផងដែរ ៕