បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះ បានចេញបទបញ្ជាអោយមានការបិទសាលារៀនទូទាំងប្រទេសរយៈពេល៣សប្តាហ៍ ចំពេលដែលការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណារលកទី៣ បានបង្កើនសម្ពាធទៅលើមន្ទីរពេទ្យ ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិ លោក ម៉ាក្រុង បានគូសបញ្ជាក់ថា យើងនឹងមិនអាចគ្រប់គ្រងឡើយ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវទេនោះ លោកថា កិច្ចខិតខំប្រឹងប្រែងនេះគឺមានភាពចាំបាច់ ខណៈការរីករាលដាលនៃវីរុសកំពុងកើនឡើង ។ ស្ថិតក្រោមការរឹតត្បិតខាងលើនេះមនុស្សត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅសម្រាប់ការលំហែ ប៉ុន្តែនៅចម្ងាយ១០គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ និងមិនត្រូវជួបជុំគ្នាទេ។ ហាងមិនចាំបាច់ភាគច្រើនក៏ត្រូវបិទដែរ ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជំងឺកូវីដ១៩ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅបារាំង បានកើនឡើងលើស៥ពាន់នាក់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាការកើនឡើងខ្ពស់បំផុតលើកដំបូងក្នុងរយៈពេល១១ខែ ដែលតួលេខមានកម្រិតខ្ពស់បែបនេះ ៕