រដ្ឋបាលខេត្ត​កំពង់ចាម ចាប់ផ្ដើម​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ក្នុង​គោលការណ៍​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ

អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ​បានប្រកាស​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម ។

ខេត្ដកំពង់ចាម៖ អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់​ដា​ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​នេះ​បានប្រកាស​បើក​យុទ្ធនា​ការលើក​ទី​២ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម ។

​ក្នុងឱកាស​ប្រកាស​បើក​យុទ្ធនាការ​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា «​ដោយសារ​យើង​មើលឃើញថា​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គ្មាន​ដែន​កំណត់ ដែល​បង្កើតឱ្យមាន​ការ​ផ្ទុះឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូចជា​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​យើង បាត់បង់​ម្ចាស់ការ​នៅតាម​តំបន់​នីមួយៗ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​បានសម្រេច​ចិត្ត​មានតែ​ធ្វើ​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​ឲ្យ​បាន​គ្រប់គ្នា ទើប​យើង​អាច​កាត់បន្ថយ ការឆ្លង​រាលដាល​ជំងឺ​នេះ​បាន » ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ខេត្តកំពង់ចាម​កន្លង​មក​បាន​រង​ឥទ្ធិពល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ពោលគឺ​មិនមាន​ជំងឺ​នេះ​ផ្ទុះឡើង​ឯងៗ នៅក្នុង​សហគមន៍​នោះទេ ដូច្នេះ​ប្រការ​ដែល​យើង​បាន​ចាក់​វ៉ាក់សាំង គឺ​យើង​ទទួល​បានការ​គាំពារ និង​ការ ការពារ​បាន​រហូតដល់​ទៅក្នុង​រង្វង់ ៩០% រួច​ផុតពី​ការឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ រួចហើយ ត្រូវតែ​អនុវត្តតាម​វិធាន​សុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ ទាំង​មុនពេល​ចាក់ និង​ក្រោយពេល​ចាក់​ដូ​ស​ទី​១ រហូតដល់​ថ្ងៃ​ចាក់​ដូ​ស​ទី​២ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ រហូតដល់​ថ្ងៃ​កំណត់ ដែល​គ្រូពេទ្យ​បាន​ណែនាំ​នោះ ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ផែនការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​២​នេះ គឺជា​ទ្រង់ទ្រាយ​ធំ ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​ទីតាំង​ទទួល​ចាក់​វ៉ាក់សាំង សរុប​មាន ២៩​ទីតាំង នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព តាម​បណ្តា​ក្រុង​-​ស្រុក ក្នុង​ខេត្តកំពង់ចាម​តែម្តង​។

ក្នុងនោះដែរ មាន​គ្រូពេទ្យ​សរុប​៤១​ក្រុម ក្នុង​ក្រុម​នីមួយៗ មាន​គ្រូពេទ្យ​១០​នាក់ អាចមាន​លទ្ធភាព​ទទួល​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចំនួន ៦០០​នាក់​ក្នុង​១​ថ្ងៃ ៕

Leave a Reply