អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទនេះប្រកាសថា ៩០ភាគរយនៃប្រជាជនអាមេរិកពេញវ័យ នឹងមានសិទ្ធិទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅក្នុងរយៈពេល៣សប្តាហ៍នេះ ។
លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមានថា ស្របពេលដែល៩០ភាគរយនៃពលរដ្ឋអាមេរិកពេញវ័យ នឹងមានសិទ្ធិទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដោយចាប់ពីថ្ងៃទី១៩ ខែមេសាខាងមុខនោះ នៅសល់១០ភាគរយទៀតនឹងមានសិទ្ធិទទួលការចាក់វ៉ាក់សាំងដោយចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។ លោក បៃដិន បានសង្កត់ធ្ងន់ថា ករណីឆ្លងកំពុងកើនឡើងវិញ នៅពេលដែលមនុស្សបន្ធូរបន្ថយវិធានការការពារ… ការខ្វះការការពារអាចនឹងធ្វើអោយជំងឺរាតត្បាតកាន់តែមានភាពធ្ងន់ធ្ងរ ។ លោក បៃដិន ក៏បានសន្យាទៅកាន់អភិបាលរដ្ឋដោយផ្ទាល់ផងដែរ ដើម្បីរក្សាវិធានការពាក់ម៉ាស ។
ការអះអាងបែបនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចពិភពលោកមួយនេះ បានមើលឃើញពីការកើនឡើងករណីឆ្លងជំងឺ Covid-19 ថ្មីៗនៅក្នុងរដ្ឋចំនួន២៧ ។ កាលពីដើមខែនេះ លោក បៃដិន បាននិយាយថា លោកនឹងដឹកនាំរដ្ឋទាំងអស់ កុលសម្ព័ន្ធ និងដែនដី ដើម្បីធ្វើឱ្យពលរដ្ឋអាមេរិកពេញវ័យទាំងអស់ មានសិទ្ធិទទួលបាននូវចាក់វ៉ាក់សាំងការពារ Covid-19 នៅថ្ងៃទី១ ខែឧសភាខាងមុខ ៕