អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ៍នេះថា ខ្លួនបានបង្គាប់ឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានការបង្ក្រាបទៅលើក្រុមបាតុករ បណ្តាលអោយមានមនុស្សរាប់រយនាក់ស្លាប់ ចាប់តាំងពីរដ្ឋប្រហារយោធារបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈមក ។
ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្តបង្គាប់ឱ្យបុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែបញ្ហាសុវត្ថិភាព និងសន្តិសុខនៃបុគ្គលិករដ្ឋាភិបាលអាមេរិក និងអ្នកដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ពួកគេ ។
គួរបញ្ជាក់ថា ទោះជាការស្លាប់កាន់តែកើនឡើង ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុ កម្មតវ៉ាប្រឆាំងរបបយោធាដដែល ស្របពេលកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារជនស៊ីវិលពីការសម្លាប់របស់យោធា ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភ ចំពោះជម្លោះប្រដាប់អាវុធ ឬសង្រ្គាមស៊ីវិលដែលអាចនឹងផ្ទុះឡើង ៕