ភ្នំពេញ៖ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា “បញ្ហាសិទ្ធិមនុស្សនេះគ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូនិងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា សូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក” ។
នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បែបនេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍អាមេរិកអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២០ ដោយលោកធ្វើការកត់សម្គាល់អំពីទិដ្ឋភាពជាទូទៅ នៃសិទ្ធិមនុស្សចំនួន ២ចំណុច គឺ ការចេញរបាយការណ៍របស់អាមេរិករិះគន់បញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ វាជារឿងធម្មតា និង អាចទទួលយកបាន។
បើការរិះគន់នេះធ្វើឡើងផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស ព្រោះថាបញ្ហាសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូ និងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា សូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក។
ឯកឧត្តមបន្តថា តែបើការចេញរបាយការណ៍រិះគន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានបច្ចេកទេសនៃសិទ្ធិមនុស្ស និងដើម្បីតែធ្វើនយោបាយភារូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយដើម្បីសម្រេចបាននូវមហិច្ឆតា និងផលប្រយោជន៍ភូមិសាស្រ្តនយោបាយតំបន់របស់ខ្លួន នោះរដ្ឋអធិបតេយ្យដ៏ទៃទៀតគេនឹងមិនអាចទទួលយកបាននោះទេ ព្រោះគេក៏មានផលប្រយោជន៍ជាតិ និង អធិបតេយ្យជាតិរបស់គេដែលត្រូវការពារនិងថែរក្សាផងដែរ៕