តាមដានលទ្ធផល និងដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក

គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះ កិច្ចប្រជុំរវាងអ្នកតំណាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តធ្វើនៅឡើយ​ខណៈ​ដែលអ្នកតំណាងខាងភាគីអាមេរិកគឺលោកស្រី Katherine Tai បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេចចិត្ត​ក្នុងការលើក​លែង​ពន្ធ​ណាមួយនៅឡើយសម្រាប់ទំនិញរបស់ប្រទេសចិន ប៉ុន្តែបានបង្ហើបថានឹងនៅតែមានលទ្ធភាពក្នុងការបន្តកិច្ចចរចាគ្នាបន្ថែមទៀត។

វ៉ាស៊ិនតោន ៖ គិតមកត្រឹមថ្ងៃចន្ទម្សិលមិញនេះ កិច្ចប្រជុំរវាងអ្នកតំណាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តធ្វើនៅឡើយ​ខណៈ​ដែលអ្នកតំណាងខាងភាគីអាមេរិកគឺលោកស្រី Katherine Tai បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេចចិត្ត​ក្នុងការលើក​លែង​ពន្ធ​ណាមួយនៅឡើយសម្រាប់ទំនិញរបស់ប្រទេសចិន ប៉ុន្តែបានបង្ហើបថានឹងនៅតែមានលទ្ធភាពក្នុងការបន្តកិច្ចចរចាគ្នាបន្ថែមទៀត។

លោកស្រី Katherine Tai ទើបតែត្រូវបានតែងតាំងជាអ្នកតំណាងចរចាពាណិជ្ជកម្មរបស់អាមេរិកកាលពីដើមខែនេះប៉ុណ្ណោះ ហើយលោកស្រីបាន​ទទួល​ស្គាល់ថាស្ថានភាពពេលនេះ និងការតម្លើងពន្ធពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់ក្រុមហ៊ុន និងអតិថិជនអាមេរិកទាំងឡាយយ៉ាងប្រាកដ​ ប៉ុន្តែជាក់​ស្តែង​វា​ក៏បានជួយការពារទៅលើមុខជំនួញជាច្រើនរបស់អាមេរិកផងដែរ។

អតីតមេធាវីផ្នែកពាណិជ្ជកម្មវ័យ 47ឆ្នាំ ដែលមានឪពុកម្តាយដើមកំណើតនៅក្នុងប្រទេសចិនរូបនេះបានព្រមានដែរថា ការលុបចោលនូវការយកពន្ធដែល​ត្រូវ​បានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump តាំងតែពីខែមករានោះ គឺមិនអាចធ្វើបានភ្លាមៗឡើយ ដោយវាបាន​ត្រឹមតែ​ធ្វើឲ្យមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចរបស់អាមេរិកប៉ុណ្ណោះ ហើយវាអាចធ្វើទៅបានលុះត្រាណាតែមានទំនាក់ទំនងគ្នារវាងភាគីទាំងពីរដែល​អាច​នាំ​ឱ្យឈានទៅដល់ការកែប្រែណាមួយជាមុនសិន។

លោកស្រីបានបន្តថាមកដល់ពេលនេះវាគឺជារឿងដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនទាំងឡាយ រួមទាំងពាណិជ្ជករ ម្ចាស់រោងចក្រ និងកម្មករទាំងអស់ក្នុងការ​ត្រៀម​ខ្លួនរៀបចំផែនការថ្មីសម្រាប់ពេលអនាគត ហើយក្នុងនាមជាអ្នកចរចា និងរកដំណោះស្រាយសង្គ្រាមពាណិជ្ជកម្មម្នាក់វាគឺជារឿងដ៏ចាំបាច់ដែលត្រូវរក្សា​ជំហ​របស់ខ្លួនព្រមទាំងបើកទូលាយចំពោះជម្រើសនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នា។

គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ លោកស្រី Tai បានពិភាក្សារួចរាល់ហើយផងដែរអំពីបញ្ហាពាណិជ្ជកម្មនេះជាមួយនឹងរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រទេស​ជប៉ុន​ដើម្បីស្នើសុំយោបល់មួយចំនួនផងដែរ៕

Leave a Reply