កំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាមបានបិទបញ្ចប់ការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករផ្សារព្រែកដំបូក ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ បន្ទាប់ពីសម្របសម្រួលអស់រយៈពេល៤ខែ បានធ្វើឲ្យអាជីវករភាគច្រើនព្រមព្រៀងទទួលយកតាមការដោះស្រាយនេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយពីក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះសម្របសម្រួលដោះស្រាយបញ្ហានៅផ្សារព្រែកដំបូក និងបានអនុវត្តតាមសេចក្តីជូនដំណឹងទាំង២លើករបស់រដ្ឋបាលខេត្ត ជាមូលដ្ឋានក្នុងការដោះស្រាយតាមជំហាននីមួយៗ ដោយក្នុងចំណោមតូបនិងគ្រែ ទាំង១១៣កន្លែង ដែលមានអាជីវករ៨៩នាក់ ក្នុងនោះមានអាជីវករ៤៧នាក់ ដែលមានតូបនិងគ្រែ៥៧ កន្លែង មិនព្រមទទួលយកតូបនិងគ្រែ តាមការបែងចែករបស់ក្រុមការងាររដ្ឋបាលឃុំព្រែកដំបូក ដោយទាមទារឲ្យរុះរើផ្សាររៀបចំឡើងវិញតាមទីតាំង និងទំហំដែលខ្លួនចង់បាន ។
ប្រភពបានបន្តថា បន្ទាប់ពីការដោះស្រាយសម្របសម្រួលអស់រយៈពេល៤ខែ ធ្វើឲ្យបងប្អូនអាជីវករភាគច្រើន បានព្រមព្រៀងទទួលយកតាមការដោះស្រាយរបស់រដ្ឋបាលខេត្ត ដើម្បីបង្កនូវបរិយាកាសងាយស្រួល ក្នុងការលក់ដូររបស់បងប្អូនអាជីវករ និងការបញ្ចប់ជម្លោះនៅក្នុងផ្សារព្រែកដំបូក ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេច៨ចំណុច ដូចជា ១.រដ្ឋបាលខេត្ត យល់ព្រមចំពោះសំណើម្ចាស់តូបលេខ៩៤ ស្នើសុំប្តូរមកតូបលេខ១០៤ ។ ២.បិទបញ្ចប់ការដោះស្រាយ ចំពោះបងប្អូនអាជីវករចំនួន១០នាក់ ដែលមានតូបនិងគ្រែ១១ កន្លែង ដែលរក្សាជំហរមិនព្រមទទួលយកដំណោះស្រាយរបស់ក្រុមការងារ និងនៅតែរក្សាចិត្តចង់ទាមទារធ្វើការរុះរើផ្សារចាប់ពីពេលនេះតទៅ។ ៣.រដ្ឋបាលខេត្ត អនុញ្ញាតឲ្យគណៈអាជីវករប្រើប្រាស់តូបដែលនៅសល់ចំនួន១២ ក្នុងចំណោមតូប២៥ ដែលបានសម្រេចប្រកាសធ្វើការដកហូត ដើម្បីជាប្រយោជន៍រួមរបស់ផ្សារព្រែកដំបូក។
៤.ក្រោយពីក្រុមការងារធ្វើការសម្របសម្រួលដោះស្រាយរួចមក តូបនិងគ្រែដែលនៅសល់ពីការរុះរើក្នុងផ្សារព្រែកដំបូក មានចំនួន១២៨តូបនិងគ្រែ ក្នុងនោះមានតូប៧៨និងគ្រែ៥០ ត្រូវធ្វើបញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ ហើយតម្កល់ទុកនៅគណៈអាជីវករចំនួន០១ច្បាប់ រដ្ឋបាលឃុំព្រែកដំបូកចំនួន០១ច្បាប់ និងរដ្ឋបាលស្រុកស្រីសន្ធរចំនួន០១ច្បាប់។ ៥.ចំពោះបងប្អូនអាជីវករមានតូបលក់ដូរក្នុងផ្សារ ដែលបច្ចុប្បន្នបាននឹងកំពុងលក់ដូរលើចិញ្ចើម ផ្លូវសាធារណៈទាំងអស់ សូមចូលទៅលក់ដូរក្នុងផ្សារតាមទីកន្លែងរៀងៗខ្លួន ។ ៦.ចំពោះបងប្អូនដែលមិនមានតូបលក់ដូរ ហើយមានបំណងចង់លក់ដូរក្នុងផ្សារនេះ អាចទំនាក់ទំនងជាមួយគណៈអាជីវករ ដើម្បីសុំជួល តូបលក់ដូរក្នុងផ្សារនេះបាន ។ ៧.គណៈអាជីវករត្រូវបង្កើតក្រុមសន្តិសុខផ្សារឲ្យបានយ៉ាងតិចចំនួន០២នាក់ ដោយមានប្រាក់ឧបត្ថម្ភត្រឹមត្រូវ ដើម្បីមើលការខុសត្រូវសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពផ្សារទាំងមូល។ ៨.ក្នុងគោលបំណងបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ សំដៅចូលរួមលើកកម្ពស់ សោភ័ណភាពបរិស្ថាន អនាម័យ ជាពិសេសដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវឲ្យបានល្អប្រសើរ លោកអភិបាលស្រុកស្រីសន្ធរ ត្រូវប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរបស់ខ្លួន ដាក់ផែនការរៀបចំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ ដោយមាននគរបាលចរាចរណ៍ឈរជើងនៅទីនោះ ជារួមមិនអនុញ្ញាតឲ្យប្រើប្រាស់ដីចំណីផ្លូវធ្វើអាជីវកម្ម ឬលក់ដូរនោះទេ ។
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសបិទបញ្ចប់ការដោះស្រាយបញ្ហាផ្សារព្រែកដំបូក ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ចាប់ពីពេលនេះតទៅ និងប្រគល់ជូនគណៈអាជីវករផ្សារព្រែកដំបូកធ្វើការគ្រប់គ្រងបន្ត ៕