រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការបង្គោលភ្លើងបំភ្លឺផ្លូវ ប្រភេទព្រែកជាពីរ ចំនួន ១០០បង្គោល នៅមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ ដោយចាប់ពីបុរីអង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ ។
មហាវិថីថ្មីមួយខ្សែនេះមានបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវ លេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអ៊ីអនម៉លសែនសុខ) ស្របប្រឡាយមេខាងជើង រាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ។ ការដាក់ឲ្យ ដំណើរការនេះចាប់ផ្តើមកាលពីយប់ថ្ងៃ២៤ខែមីនា។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថីខាងលើនេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មហាវិថីថ្មីនេះរត់ ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥.៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអាមេរ កម្រាស់ ២០សង់ទីម៉ែត្រ ។ ទន្ទឹមនេះ ផ្លូវសងខាង ១២ម៉ែត្រ,សួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិសមាន ៣គន្លងសម្រាប់រថយន្តទៅមក និងមួយគន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០,៨ម៉ែត្រ ប្រវែង ១១.៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ ទទឹងផ្លូវ ចំនួន៨កន្លែង៕