ក្រសួងសំណង់ប្រទេសវៀតណាមបានប្រគល់អគាររដ្ឋសភាថ្មី ជូនប្រទេសឡាវជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅ។ សាងសង់ក្នុងតម្លៃ១១១លានដុល្លារអាមេរិក អគារនេះនឹងបំរើដល់កិច្ចការងាររបស់សភាផង និងថែមទាំងជាមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ផង នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម vnexpress ចេញផ្សាយ កាលពីថ្ងៃទី២១ មីនា ម្សិលមិញ។
ក្រសួងសំណង់វៀតណាមបានឲ្យដឹងថា ក្រសួងនិងភាគីពាក់ព័ន្ធបានសម្រេចកិច្ចការងារសាងសង់អគារថ្មីនេះទាល់តែបាន បើទោះបីជាក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ដែលការរាតត្បាតនេះប៉ះពាល់ដល់ការផ្គត់ផ្គង់សម្ភារៈ និងបុគ្គលិក កម្មករ នាពេលកន្លងមក។
អគារថ្មីនេះត្រូវដឹងថា អាចត្រៀមសម្រាប់ការរៀបចំប្រជុំលើកដំបូង សម័យប្រជុំសភាជាតិឡាវលើកទី៩ ចាប់ពីថ្ងៃទី២២ មីនា ដល់ ២៦ មីនា ២០២១។ សំណង់អគារថ្មីនេះអាចផ្ទុកមនុស្សពី៨០០ទៅ១០០០ពាន់នាក់ មានកម្ពស់៥ជាន់ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧៕