សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សុំការយោគយល់អាធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការបិទ សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយពីអ្នកជំងឺម្នាក់ជាប់ពាក់ ព័ន្ធនឹងទីតាំងទាំងនេះ។
សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ រស់នៅ និងពាក់ព័ន្ធនឹងទីតាំងទាំងនេះ។ ក្រោយការបិទទិដ្ឋភាព នៅសង្កាត់គោកចកហាក់មានភាពស្ងប់ស្ងាត់ រីឯអាជីវករជុំវិញផ្សារដើមក្រឡាញ់ នៅបន្តលក់ដូរតាមធម្មតា តែមិនសូវអ៊ូអរដូចមុន។ សង្កេតឃើញថា ប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួនបានរៀបចំបង្ការ និងចូលរួមទប់ស្កាត់ជំងឺ កូវីដ១៩ បានល្អ ខ្លះទៀតក៏នៅមិនទាន់យល់ច្បាស់ពីហានិភ័យនៅឡើយ។
ឯកឧត្តម ទៀ សីហា អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការបិទភូមិជាបណ្តោះអាសន្ន ដោយផ្អាកការធ្វើ ដំណើរមួយរយៈសិន រង់ចាំការតាមដានលទ្ធផលពីមន្ទីរសុខាភិបាលខេត្ត។ ប្រជាជនក្នុងខេត្ត សូមរក្សាការពារ ថែរក្សាសុខភាពខ្លួនឲ្យបានល្អ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះក្នុងពេលនេះ និង «សូមបងប្អូនបន្តអនុវត្ត ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ឱ្យបានគ្រប់ៗគ្នានិងជាប្រចាំ»។
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទទីតាំងមួយចំនួន និងបង្កើនការត្រួតពិនិត្យសុខភាពបឋមនៅទីតាំងចំនួន២ដែលបាន រៀបចំ គឺទី១ នៅព្រំប្រទល់ខេត្តកំពង់ធំ និងទី២ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ៕ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ ២នាក់ហើយក្នុងខេត្តសៀមរាប ដែលរកឃើញមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បុរសទី១រកឃើញនៅថ្ងៃទី២០ និងបុរសអ្នកជំងឺទី២ រកឃើញនៅថ្ងៃទី២១ ខែមីនា។