ឆ្លើយតបនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងតែមានការរីករាលដាល ជំងឺកូវីដ-១៩ក្នុងសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងគួរអោយព្រួយបារម្ភ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអប់រំណែនាំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ក៏ដូចជាមហាជនទូទៅបានយល់ជ្រួតជ្រាប និងចូលរួមទាំងអស់គ្នាការពារទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយ មានការឆ្លងចូលមកសហគមន៍ក្នុងខេត្តរតនគិរី។
លោក ងិន ណែល បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងតាមទីតាំងសំខាន់ៗដូចជាក្នុងទីប្រជុំជនផ្សារក្រុងបានលុងតាមដងផ្លូវនានាជុំវិញក្រុង តាមរយៈឧបករណ៍បំពងសំលេងលើរថយន្ត, ការអប់រំផ្ទាល់មាត់ និងការចែកម៉ាស់ចែកខិតប័ណ្ណអប់រំ ជូនប្រជាពលរដ្ឋទូទៅផងដែរ។ លោកអភិបាលក្រុងបន្តថាយុទ្ធនាការផ្សព្វផ្សាយនេះ គឺបញ្ជ្រាបការយល់ដឹង ហើយឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះបន្តទៀត។ ព្រោះថាជំងឺ កូវីដ-១៩ នៅតែបន្តការឆ្លងរីករាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានីខេត្តមួយចំនួន កើនឡើងជាបន្តបន្ទាប់ហើយ បញ្ហាកូវីដ-១៩នេះ មិនមែនជារឿងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លង និងចម្លងពីវីរុសកូវីដ-១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណាមួយបានឆ្លង អ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃជាក់ជាមិនខាន។
សូមជម្រាបផងដែរថា នៅក្នុងខេត្តរតនគិរីមិនមានករណីអ្នកផ្ទុកជំងឺកូវីដ-១៩នោះទេ។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុប១,៥៧៨នាក់ អ្នកជាសះស្បើយចំនួន៩១៧នាក់,អ្នកកំពុងសម្រាកព្យាបាល៦៥៨នាក់ និងអ្នកស្លាប់១នាក់៕