នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយលោកអភិបាលស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅរោងចក្រសាប្រ៊ីណា ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះ៖ ឯកឧត្តមបណ្ឌិត អំពាវនាវដល់បងប្អូនទាំងអស់កុំអោយជឿលើការញុះញង់ ពីការគៀងគរធ្វើការបោះបោរជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នាពេល បច្ចុប្បន្ននេះ សូមបងប្អូនជឿជាក់ចុះលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តទៀតថា៖ អ្វីដែលបងប្អូនត្រូវបំពេញចំពោះមុខទាក់ទិនទៅនិងការរស់នៅជីវភាពប្រចាំថ្ងៃ បងប្អូនដឹងស្រាប់ហើយសព្វថ្ងៃយើងរស់នៅក្នុងដំបូលនៃសន្តិភាព ឃើញថាការរស់នៅរបស់បងប្អូនមានការប្រសើរឡើងទាំងការរស់នៅ ទាំងការធ្វើដំណើរ ទាំងការប្រកបមុខរបរផ្សេងៗបានគ្រប់បែបយ៉ាង និងមានអ្នកវិនិយោគជាច្រើនជាបន្តបន្ទាប់ ជាក់ស្តែងថ្ងៃនេះក្នុងខេត្តកំពង់ស្ពឺរបស់យើងមានអ្នកវិនិយោគមកយ៉ាងច្រើនកុះករផងដែរ៕