នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន ដូចខាងក្រោម
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដ
៣.ពិនិត្យ និងអនុម័តការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត
៤.ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៨ឆ្នាំ(២០២៥-២០២៩)
៥.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្ត សម្រាប់ខែកក្កដា ឆ្នាំ ២០២៤
៦.បញ្ហាផ្សេងៗ
៧.កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់៕































