អភិបាលខេត្តកំពង់ស្ពឺថ្មី៖ ការបង្ក្រាបក្មេងទំនើង ទោះបីជាកូនអភិបាលរងខេត្ដ និងអភិបាលស្រុក ក៏គ្មានលើកលែង

អភិបាលខេត្តកំពង់ស្ពឺថ្មី បានព្រមានថា ការបង្ក្រាបក្មេងទំនើង ដែលបង្កការរំខាន និងអសន្ដិសុខនៅតាមសាធារណៈ ទោះបីជាកូនអភិបាលរងខេត្ដ និងអភិបាលស្រុក ក៏គ្មានលើកលែង បើមានការដំណែងក៏អស់ដែរ ដើម្បីអនុវត្ដន៍វិធានការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដោយស្មើភាពគ្នា និងតម្លាភាព

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺថ្មី បានព្រមានថា ការបង្ក្រាបក្មេងទំនើង ដែលបង្កការរំខាន និងអសន្ដិសុខនៅតាមសាធារណៈ ទោះបីជាកូនអភិបាលរងខេត្ដ និងអភិបាលស្រុក ក៏គ្មានលើកលែង បើមានការដំណែងក៏អស់ដែរ ដើម្បីអនុវត្ដន៍វិធានការដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដោយស្មើភាពគ្នា និងតម្លាភាព។

ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យអាជ្ញាធរទាំង៣ប្រភេទចំណុះនៃរដ្ឋបាលខេត្ដកំពង់ស្ពឺ ត្រូវអនុវត្ដន៍បង្រាបក្មេងទំនើងដូចជា បង្ហោះម៉ូតូ ប្រមូលផ្ដុំគ្នា និងដេញវ៉ៃកាប់គ្នានៅតាមដងផ្លូវសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិសេស ជួយដល់អនាគត់របស់យុវជន និងជួយដល់ឪពុកម្ដាយ។

លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្មេងទំនើបដែលឃាត់ខ្លួនបាន គឺត្រូវកោត្រងោល និងរក្សា៤៨ម៉ោងនៅក្នុងប៉ុស្ដិ៍នគរបាល ហើយក្នុង៤៨ម៉ោងនេះ ត្រូវតែឱ្យគាត់ចុះសិក្សានៅក្នុងពន្ធធានាគារ និងធ្វើការទន្ដកម្មបោសសម្អាតបរិស្ថាន២ថ្ងៃ មុននឹងឱ្យអាណាព្យាបាលមកធានាទៅផ្ទះវិញ។ប៉ុន្ដែ លោកអភិបាលខេត្តកំពង់ស្ពឺបន្ថែមថា ការអនុវត្ដន៍លើការងារនេះឱ្យប្រសិទ្ធភាព គឺត្រូវការចូលរួមពីមន្រ្ដី និងកងកម្លាំងក្រុង ស្រុក ប៉ុស្ដិ៍នគរបាល និងប្រជាពលរដ្ឋទាំងអស់ផងដែរ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវអនុវត្តន៍ឱ្យបានក្នុងនោះ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ថែរក្សាព្រៃឈើ អប់រំណែនាំ រឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

ឆ្លើយតបនឹងបទបញ្ជារបស់លោកអភិបាលខេត្តកំពង់ស្ពឺបង្រាបក្មេងទំនើងនេះ លោក លោកវសេនីយ៍ត្រី សំ ហេង នាយប៉ុស្តិ៍នគរបាល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្ដេជ្ញាបន្ដអនុវត្ដបទបញ្ជានេះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដោយបានរៀបចំផែនការសកម្មភាពដល់មន្រ្ដីនគរបាលប៉ុស្ដិ៍ និងកំណត់មុខសញ្ញាក្មេងទំនើង ដើម្បីធ្វើបង្ក្រាបរាល់សកម្មភាពដែលបានកើតឡើងនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជង្រុក បានបញ្ជាក់ថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំជង្រុក បន្ដធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រួមមាន- ផលប៉ះពាល់នៃគ្រឿងញៀន – ច្បាប់ចរាចរណ៍ផ្លូវគោក- ហឹង្សាក្នុងគ្រួសារ- ក្មេងទំនើង – ការងារអត្តសញ្ញាណកម្ម-និងការងារផ្តល់សេវារដ្ឋបាលផ្សេងៗ ដើម្បីបញ្ជ្រៀបការយល់ដឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋអំពីញ្ហាទាំងនេះកាន់តែច្បាស់ ហើយបានចូលរួម និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ក្មេងទំនើង និងការបើប្រាស់ ឬជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ។

ជាមួយគ្នានេះ លោក គីវ គឹមហាក់ ប្រជាពលរដ្ឋនៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបង្ហាញការសាទរ និងគាំទ្រនូវចំណាត់ការរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺថ្មី ដើម្បីបង្រ្កាក្មេងទំនើងដោយគ្មានការលើកលែង និងគ្មានការយោគយល់។

លោកបានយល់ថា ចំណាត់ការដ៏តឹងរឹងនេះ នឹងធ្វើឱ្យក្មេងមានការភ័យខ្លាច និងមិនហ៊ានប្រព្រឹត្ដអំពើទាំងនេះនោះទេ បន្ទាប់ពីបច្ចុបន្ននេះលោកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះក្មេងទំនើង ដែលបានបង្ករបញ្ហាធ្វើឱ្យអសន្ដិសុខនៅក្នុងមូលដ្ឋាន និងតាមផ្លូវសាធារណជាដើម។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីកម្ពុជាបានចេញបទបញ្ជាឱ្យរាជធានីខេត្ដទាំង២៥ មិនត្រូវបន្ធូរដៃ ឬធ្វើការស្ងប់ស្ងាត់លើការងារទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងនោះទេ ដោយធ្វើយ៉ាងយ៉ាងត្រូវអនុវត្ដឱ្យបានដូចភ្លៀវរលឹម ដើម្បីការពារអនាគត់យុវជន ជួយដល់អាណាព្យាបាល និងទប់ស្កាត់អសន្ដិសុខក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពឲ្យខាងតែបាន។

បន្ទាប់ទទួលបានបទបញ្ជារបស់សម្តេចធិបតីឱ្យបង្រ្កាបក្មេងទំនើងជាបន្ទាន់ ដោយសម្ថតកិច្ចបានបង្រ្កាបករណីក្មេងទំនើងបានជាងច្រើនករណី និងឃាត់ខ្លួនបានជាច្រើននាក់ផងដែរ៕