(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលសម្ភារប្រើប្រាស់ បច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយសប្បុរស របស់ព្រះមេគណខេត្ត ព្រះអនុគណក្រុង-ស្រុក ទាំង ៧ និងព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ក្នុងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំដោយព្រះសមាធិធម្ម យិត្ត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ ជូនដល់កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។
ពិធីនេះ ប្រព្រឹត្តទៅ មានចំនួន ២ ទីតាំង ដែលទីតាំងទី ១ ធ្វើឡើងនៅក្នុងវត្តសិលារង្សី (ហៅវត្តចាស់) ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្តចូលរួម ពីសំណាក់ព្រះគ្រូមធុរធម្មរង្សី សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះអនុគណ ស្រុក ត្បូងឃ្មុំ និងជាព្រះគ្រូចៅអធិការវត្ត សិលារង្សី (ហៅវត្តចាស់) ព្រះគ្រូចៅអធិការតាមបណ្តាវត្តនានា ក្នុងស្រុកត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនអង្គ/អ្នក។
ទន្ទឹមនោះ សម្រាប់ទីតាំង ទី ១ អំណោយសប្បុរស មានជាសម្ភារប្រើប្រាស់ បច្ច័យ និងគ្រឿងឧបភោគ-បរិភោគ របស់ព្រះមន្រ្តីសង្ឃ និងមន្រ្តីសង្ឃ ក្នុងស្រុកត្បូងឃ្មុំ បានប្រគល់ជូនកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមមាន ៖ ថវិការចំនួន ៦លានរៀល អង្ករចំនួន ៦០បេ ស្មើនឹងចំនួន ៣តោន គ្រឿងផ្ទះបាយ ប្រឡុងចំនួន៦០សម្រាប់ មី ចំនួន ៦០កេះតូច ទឹកក្រូច ៦០កេះ ទឹកបរិសុទ្ធ ៦០កេះ ទឹកត្រី ៦០យួរ និងទឹកស៊ីអ៊ីវ ៦០យួរ ។
ទីតាំងទី ២ ធ្វើឡើងនៅបរិវេនខាងមុខអគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដោយមានការនិមន្តចូលរួមពីសំណាក់ ព្រះសមាធិធម្ម យិត្ត សុខា ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះមេគណខេត្តត្បូងឃ្មុំ បានដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណក្រុង-ស្រុក និងព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានាក្នុងខេត្ត នាំយកនូវសម្ភារប្រើប្រាស់ បច័្ចយ និងគ្រឿងឧបភោគ បរិភោគ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបន្ថែមទៀតផងដែរ ។
ព្រះសិទ្ធាភិញាណ វ៉ាន ដាវី (សុវណ្ណចន្ទត្ថេរោ) ព្រះអនុគណ ស្រុកត្បូងឃ្មុំ បានមានព្រះថេរដីការថា ការនាំយកប្រគល់ជូន នាពេលនេះ ក្រោមគំនិតផ្តួចផ្តើម និងមូលមតិជាឯកច្ឆន្ទ ជាមួយព្រះសមាធិធម្ម យិត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណខេត្តត្បូងឃ្មុំ ក៏ដូចជាគណៈសង្ឃ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីជូនដល់កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលទីទ័លក្រ ខ្វះខាត និងប្រជាពលរដ្ឋដែលមានការលំបាក ឱ្យទទួលបាននៅអំណោយទាននេះ តាមរយៈកាកបាទក្រហមខេត្ត ដើម្បីដោះស្រាយនៅជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ។ ដែលទាំងនេះ ជាទឹកព្រះទ័យសប្បុរសដ៏ថ្លៃថ្លា ក្នុងការបរិច្ចាគ ចូលរួមជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដើម្បីបន្តសកម្មភាពភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងខេត្ត ឲ្យកាន់តែផុសផុលបន្តទៀត ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ព្រះសង្ឃគ្រប់ៗព្រះអង្គ និងបានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ហើយវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនខ្លាំង តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គ្រប់ៗព្រះអង្គ ជាពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល ជាក់ស្តែងសាលាពុទ្ធិកសិក្សា ក៏បានចូលរួមបណ្តុះនៅធនធានសមណៈសង្ឃជាច្រើនអង្គ ផងដែរ ។ ជាមួយនោះ ព្រះសង្ឃគ្រប់ៗព្រះអង្គ មានភាពសាមគ្គី និងតែងតែចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជានិច្ចកាលព្រះសង្ឃគ្រប់ៗព្រះអង្គ តែងតែផ្តល់ជូននៅអំណោយទានសប្បុរស ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តយើងផងដែរ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានថ្លែងអរព្រះគុណ ដល់ ព្រះមន្រ្តីសង្ឃ និងព្រះសង្ឃគ្រប់ៗឋានានុក្រម ក្នុងខេត្ត ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ផ្តួចផ្តើមគម្រោងជីកព្រែកជីកហ្វូណន តេជោ នេះឡើង ដែលនេះបានបង្ហាញពីសេចក្តីទុកចិត្ត ជំនឿជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជាយើងផងដែរ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណូមពរ ដល់ព្រះមន្រ្តីសង្ឃ និងមន្រ្តីសង្ឃគ្រប់ៗព្រះអង្គ សូមបន្តជួយគាំទ្របន្តទៅទៀត ក្នុងកិច្ចការងារមនុស្សធម៌នេះ ជួយដល់បងប្អូនប្រជាពលរដ្ឋ មិនថាតាមរយៈការអប់រំប្រតិបត្តិសាសនា ឬ ការផ្តល់ជូនជាអំណោយទានផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនោះទេ។
សូមជម្រាបជូនថា៖ ព្រះសមាធិធម្ម យិត្ត សុខា ព្រះរាជាគណ:ថ្នាក់ចត្វា និងជាព្រះមេគណខេត្តត្បូងឃ្មុំ បានដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណក្រុង-ស្រុក និងព្រះគ្រូចៅអធិការ តាមបណ្តាវត្តនានា ក្នុងខេត្ត បានជូន និងនាំយកមកជូន កាកបាទក្រហមកម្ពុជាខេត្ត រួមមាន ថវិការចំនួន ១៤,១១៤,០០០ លានរៀល អង្ករចំនួន ៣.៥៥តោន គ្រឿងផ្ទះបាយ បន្លុងចំនួន ១៧៨សម្រាប់ មី ចំនួន ៧២កេះ ទឹកក្រូច ៦៩កេះ ទឹកបរិសុទ្ធ ៧៣កេះ ទឹកត្រី ៦៩យួរ ទឹកស៊ីអ៊ីវ ៤យួរ ផងដែរ៕