(រតនគីរី)៖ នារសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងលើដងផ្លូវជាតិ៧៦ ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រង់ភូមិសាស្រ្តស្រុកលំផាត់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានជម្រុញដល់កងកម្លាំងឈរជើងត្រួតពិនិត្យទាំងអស់ ត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាត ឲ្យមានរថយន្តដឹកអ្នកដំណើរណាមួយ ឆ្លងកាត់ចូលទឹកដីខេត្តរតនគិរីដោយមិនបានត្រួតពិនិត្យត្រឹមត្រូវតាមវិធានការសុខាភិបាលនោះឡើយ។
ឯកឧត្តមថងសាវុនបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានា ក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជនពីជំងឺដ៏កាចសាហាវនេះ។ បន្ថែមពីនោះឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងត្រូវមានការប្រុងប្រយ័ត្នអោយខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕