ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញការលើកទឹកចិត្តដល់មន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត បន្តកិច្ចសហការ និងស្តាប់ការណែនាំអាជ្ញាធរធរខេត្ត ក្នុងគោលបំណងតែមួយដូចគ្នា គឺអនុវត្តន៍តាមបទបញ្ជា និងអនុសាសន៍សំខាន់ៗ របស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងដើម្បីប្រឆាំងនឹងកូវីដ-១៩ ឲ្យចេញផផុតពីភពផែនដី ។
ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា៖ យោងលើស្ថានភាពបច្ចុប្បន្ន ស្តីពីការប្រឈមទៅនឹងបញ្ហាកូវីដ-១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពិនិត្យឃើញថា៖ ក្រៅពីការទទួលខុសត្រូវរបស់មន្ត្រីថ្នាក់កណ្តាល ក៏ឃើញមានថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីររាជធានី- ខេត្ត បានខិតខំយកអស់ពីសមត្ថភាព ប្រាជ្ញាស្មារតី កំលាំងកាយ ចិត្ត ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្សព្វផ្សាយវិធានការ ការពារ និងការទប់ស្កាត់ការរីករាលដាលបញ្ហាកូវីដ-១៩ នៅតាមសហគមន៍ ជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ពិសេសតាមបណ្តាខេត្តជាគោលដៅ មួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ និងថ្មីៗនេះ នៅខេត្តព្រៃវែង ។
ឈរលើស្មារតីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង សូមកោតសរសើរដោយស្មោះចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រី តាមមន្ទីរ ទាំងអស់ ដោយសូមលើកទឹកចិត្តឲ្យ្តបន្តកិច្ចសហការជាមួយអាជ្ញាធរធរខេត្ត ឲ្យបានកាន់តែសកម្មថែមទៀត ស្របតាមបទបញ្ជា និងអនុសាសន៍សំខាន់ៗ របស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការ ការពារទប់ស្កាត់នូវបញ្ហាកូវីដ-១៩ និងតាមដានការណែនាំជាសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាប់ជាប្រចាំ សំដៅអនុវត្តន៍ឲ្យបានប្រសិទ្ធិភាព ៕