ភ្នំពេញ៖ តាមរយៈសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី 36 ក្រោមប្រធានបទការលើកកម្ពស់តួនាទីស្រ្ដីក្នុងយុគសម័យឌីជីថល សម្ដេចតេជោ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថលចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃ ស្របនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-19។ ទន្ទឹមគ្នានេះការលើកកម្ពស់ស្ត្រីក្នុងវិស័យឌីជីថលផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ 2030។ កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី 26 ខែមិថុនា ឆ្នាំ2021 កន្លងទៅ។
សម្តេចតេជោ ហ៊ុន ស៊ែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយសម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែករបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺមានសក្តានុពលច្រើន ហេតុនេះរដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ”។
ស្របនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈរបស់កម្ពុជាប្រាំមួយចំណុច ដល់មេដឹកនាំអាស៊ានដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល រួមមាន ទីមួយ. បង្កើនការផ្តល់សេវានិងលើកកម្ពស់ការប្រើប្រាស់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ស្ត្រី និងកុមារី ៖ ការផ្តល់សេវា និងទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា បច្ចេកវិទ្យាព័ត៌មានវិទ្យាដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកបដោយបរិយាប័ន្ន សំដៅផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងថ្លៃសមរម្យ (Affordable ICT Service)។
ទីពីរ. ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ៖ ការយកចិត្តទុកដាក់ផ្នែកនេះអាចឱ្យស្ត្រី និងកុមារីទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)។
ទីបី. បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ តាមរយៈការបង្កើនការយល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និងរៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-19។
ទីបួន. រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត និងមធ្យម និងសហគ្រិនជាស្ត្រី ៖ យកចិត្តទុកដាក់ដល់ការបញ្ញាបច្ចេកវិទ្យាឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល។
ទីប្រាំ. ពង្រឹងជំនាញ អក្ខរកម្មឌីជីថល (Digital Literacy) និងការការពារអត្តសញ្ញាណ ៖ ដើម្បីឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និងប្រកបដោយសុវត្ថិភាពពីសេដ្ឋកិច្ចឌីជីថល។
ទីប្រាំមួយ. លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best Practice) ៖ ពាក់ព័ន្ធនឹងការលើកស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែកនិងផ្លាស់ប្តូរបទពិសោធរវាងប្រទេសសមាជិកអាស៊ាន។