នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង ក្នុងនោះមានស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករដែលទើបមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឲ្យពួកគាត់សួរសុខទុក្ខ នៅឲ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឲ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។ ឯកឧត្តម បានបន្តណែនាំឲ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឲ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះផងដែរ។
គួរបញ្ជាក់ថា ឯកឧត្តម អភិបាលខេត្ត នឹងបន្តដឹកនាំក្រុមមន្រ្ដីជំនាញត្រួតពិនិត្យមណ្ឌលចត្តាឡីស័កជាច្រើនទៀតដែលនៅតាមបណ្ដាស្រុកគោលដៅដែលបានរៀបចំទទួលពលករមកពីប្រទេសថៃ ចូលមកធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ៕