(រតនគីរី)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែ ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក៏បានណែនាំដល់លោកប្រធានមន្ទីរសាធារណការខេត្ត ដែលអមដំណើរចុះទៅពិនិត្យមើលស្ពានបាឡេថ្មីមួយខ្សែនេះ ដោយជម្រុញឲ្យមន្ទីរពិភាក្សា ជាមួយនឹងក្រុមហ៊ុនដែលកំពុងអនុវត្តសាងសង់ស្ពាននេះ ត្រូវកែលម្អជម្រាលក្បាលស្ពានសងខាងឲ្យបានល្អប្រសើរជាងនេះថែមទៀត។ ពីព្រោះថា ស្ពានដែកបេឡេថ្មីមួយខ្សែនេះ ពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ ជាពិសេស ប្រជាពលរដ្ឋ រស់នៅក្នុងឃំុជ័យឧត្តមនេះតែម្តង។
ឯកឧត្តមបានចាត់ទុកថា ការផ្តល់នូវស្ពានបាឡេថ្មីនេះ នឹងផ្តល់នូវផ្លូវដង្ហើមសេដ្ឋកិច្ច វាជាសរសៃឈាមក្នុងការតភ្ជាប់ទៅកាន់ភូមិនានាទាំង៦ក្នុងឃុំ។ ហើយស្ពានបាឡេថ្មីមួយខ្សែនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពរដោយទទូចពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើនិយាយដោយឡែក និងនិយាយរួមប្រជាពលរដ្ឋក្នុងស្រុកលំផាត់ ដែលចង់បានស្ពាន ដើម្បីងាយស្រួលឆ្លងកាត់ក្នុងការដឹកកសិផលកសិកម្មទៅកាន់ទីផ្សារនានាផងដែរ។
សូមបញ្ជាក់ថា៖ ស្ពាននេះមានឈ្មោះថាស្ពានអូរខ្វាវមានបណ្តោយ៥៧ម៉ែត្រទទឹង៤ម៉ែត្រ សាងសង់ពីដែកបេឡេស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់បានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដែលមានតម្លៃប្រមាណជាង១,០០០លានរៀល ជាថវិការបស់សាលាខេត្ត អាចផ្ទុកទម្ងន់ឆ្លងកាត់បានប្រមាណ២៥តោន ក្រោយពីការសាងសង់រួចតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីលទ្ធកម្មសាលាខេត្ត៕