រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បើតាម លោកតាអាចារ្យវត្តនគរបាជ័យ បានឲ្យដឹងថា នៅស្រុកខ្មែរយើង ស្ទើរតែគ្រប់ពិធីសាសនា ដូចជាពិធីបញ្ចុះសីមា ពិធីឡើងផ្ទះ ពិធីរៀបមង្គលការជាដើម គឺប្រជាជនខ្មែរយើងតែងតែប្រារព្ធ គឺពិធីក្រុងពាលី ដែលពិធីនេះ ពួកគេធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ឲ្យពិធីណាមួយនោះប្រព្រឹត្តទៅ ដោយសុខសប្បាយ មិនមានឧបសគ្គ អន្តរាយណាមួយ មករារាំងរំខាន។
យ៉ាងណាមិញ ដូចជាពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្ក្រាន្ត ដោយមានការតុបតែងលម្អ បង្កើនសោភ័ណភាពគ្រប់ទីកន្លែង ក្នុងក្រុងកំពង់ចាម ដែលការរៀបចំនេះ គឺថ្នាក់ដឹកនាំខេត្ត មានគោលបំណង បង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នេះ ប្រកបដោយសេចក្តីសុខគ្រប់ៗគ្នា។ ហេតុដូច្នេះហើយ ទើបថ្នាក់ដឹកនាំខេត្តកំពង់ចាមគ្រប់រូប បាននាំគ្នាប្រារព្ធពិធីក្រុងពាលីនេះឡើង។
































