ឥណ្ឌូនេស៊ី៖ ប្រធានទីភ្នាក់ងារឱសថ និងចំណីអាហាររបស់ប្រទេសឥណ្ឌូណេស៊ីលោកស្រី ភែននី ខេ. លូគីតូ (Penny K. Lukito) បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រីបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 ដែលផលិតឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នៅក្នុងករណីបន្ទាន់ ។
វ៉ាក់សាំងច្រើនជាងមួយលានដូសបានដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ តាមរយៈយន្តការ COVAX ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង COVID-19 ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល GAVI, មូលនិធិវ៉ាក់សាំង CEPI និងអង្គការសុខភាពពិភពលោក (WHO) ។