នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅមន្ទីរសាធារណការខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មន្ត្រីសាធារណការ មានភារកិច្ចច្រើន ក្រៅពីការសាងសង់ផ្លូវ ឱ្យបានល្អ ក៏នៅការធានាសុវត្ថិភាព ការធ្វើចរាចរតាមដងផ្លូទៀត និងគិតអំពីមធ្យោបាយចរាចរណ៍នានា ដើម្បីជៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយគ្នានេះ មន្ត្រីសាធារណការ ក៏មានកម្មវិធីអប់រំ ដូចជាការប្រើប្រាស់មួកសុវត្ថិភាព និងផ្សព្វផ្សាយអប់រំផ្នែកច្បាប់ចរាចរ ដល់អ្នករៀនបើកបរជាដើម ដើម្បីគិតគូរដល់សុវត្ថិភាព និងអំពីគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់មន្ត្រីរាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តខិតខំកសាងហេដ្ឋារចនាស័ម្ពន្ធនានាក្នុងខេត្ត និងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសេីរឡេីងថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញនិងលេីកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវរួមគ្នាពង្រឹងវិន័យការងារ តាមតួនាទី និងការចាត់តាំង ព្រមទាំងថែររក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ។ ក្រៅពីនោះត្រូវបន្តយកចិត្តទុកដាក់រៀនសូត្រពីការងារតាមបច្ចេកទេសថ្មីៗ និងចេះគិតគូដោះស្រាយបញ្ហាប្រឈមនានា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលេីវិស័យសាធារណការឱ្យប្រសេីរផងដែរ ៕