នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តវេឡុវ័ន (ហៅវត្តទួលរកា) ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ហ៊ុន គឹមឡេង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាព ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ។ ដោយមានការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមជួយផ្សព្វផ្សាយ ដេីម្បីទប់ស្កាត់បញ្ហាចំនួន៣ រួមមាន ១.បញ្ហាគ្រឿងញឿនដែលជាបញ្ហាសកល ដូច្នេះយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ខណៈដែលរដ្ឋបានធ្វើការបង្ក្រាប យើងទាំងអស់គ្នាត្រូវជួយធ្វើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ស្រទាប់យុវជន។
២.បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ និងរងរបួសជាច្រើនករណី ក្រៅពីរាជរដ្ឋាភិបាលមានវិធានការ យេីងត្រូវគោរពច្បាប់ទាំងអស់គ្នា ជាពិសេសត្រូវអប់រំណែនាំដល់កូនចៅឱ្យបេីកបរដោយមានការប្រុងប្រយ័ត្ន ។
៣.បញ្ហាល្បែងស៊ីសងដែលត្រូវជួយផ្សព្វផ្សាយ គឺល្បែងតែងតែនាំមកនូវការវិនាសហិនហោច និងបែកបាក់គ្រួសារផងដែរ ។
ក្នុងពិធីបុណ្យនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្រោមការដឹកនាំព្រះគ្រូចៅអធិការ លីវ ស្តើង វត្តវេឡុវ័នបានកសាងសមិទ្ធផលនានាជាច្រើន រួមមាន៖ កសាងនឹងជួសជុលដំបូលព្រះវិហារ កសាងដងទង់ ដំបូលសាលាឆាន់ ខ្លោងទ្វារ ចាក់សាបក្នុងទីធ្លាវត្ត បង្គោលភ្លើង ចាក់ដីក្នុងទីធ្លាវត្ត និងសាលាឆាន់ធ្វើពីថ្ម ដោយអស់បច្ច័យកសាង សរុបចំនួន ២៩៨.៣៥០ដុល្លារ និងប្រាក់រៀល ២៨៣.២៤០.៥០០រៀល ក្នុងនោះ លោកជំទាវ លាង វួចឆេង និងសម្តេចទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា បុត្រី ចូលរួមបច្ច័យសម្រាប់កសាងអស់ចំនួន ៩៤.៨០០ដុល្លារ និងប្រាក់រៀល ៣៦.១០០.០០០រៀល ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ៕