រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីរាជការ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាល​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ មន្ត្រី​ជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោម​អធិបតី​ភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល​ខេត្តប៉ៃលិន

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាល​ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រី​រាជ​ការ មន្ត្រី​ជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោម​អធិបតី​ភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល​ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្ត តាមបទ​បញ្ជា​លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុង​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាល​ខេត្ត បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្ត ដល់​បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំង​គ្រឿង​ញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាព នយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ នេះជាជំហានដំបូង សម្រាប់ខេត្តប៉ៃលិន ដែល​បានធ្វើតេស្ត ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើ​ការងារ​នៅក្នុងរដ្ឋបាលខេត្ត ដូច្នេះយើងនឹងបន្ត បើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាព​ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និង ឈានទៅដល់ការធ្វើតេស្ត គ្រូបង្រៀន និង គ្រូពេទ្យ​ទៀតផង ដើម្បីលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍​ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន ហើយ ក្នុងករណីរកឃើញមន្ត្រីជាប់​ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ដូច្នេះ​អាជ្ញាធរ​​មានសមត្ថកិច្ច​ ត្រូវពង្រឹងនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តាមរយៈវិធានការអប់រំ​ រដ្ឋបាល​ និងវិធានការច្បាប់​ អោយបានម៉ឺងម៉ាត់​ ដើម្បីអោយសហគមន៍របស់យើងគ្មានគ្រឿងញៀន​ និងកសាងសុភមង្គលជូនគ្រួសារ​ និងសហគមន៍។

សូមបញ្ជាក់ថា៖ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត ដែលបានមកធ្វើតេស្តទឹកនោម រកសារធាតុញៀន នៅថ្ងៃនេះ សរុបចំនួន ១៥៦នាក់ ក្នុងនោះ -ក្រុមប្រឹក្សា ចំនួន ១៥នាក់ -មន្ត្រីរាជការក្របខ័ណ្ឌ ចំនួន ៨៩នាក់ -មន្ត្រីជាប់កិច្ចសន្យា ចំនួន ៤០នាក់ និងបុគ្គលិកមិនបើកថវិការដ្ឋ ចំនួន ១២នាក់ ៕