មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅចំណតរថយន្តផ្សារតាយសេង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរទាំងអស់អោយមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ។
លោក ផា ថា ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានដឹកនាំយុទ្ធនាការនេះ បានលើកឡើងថា យុទ្ធនាការធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ពោលគឺ ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។
លោកបន្ដថា នៅក្នុងយុទ្ធនាការនេះក្រុមអ្នកបើកបរទាំងអស់បានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុការស្លាប់អ្នកទាំងនោះផងដែរ។ តាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ ក្រុមអ្នកបើកបរយានយន្តទាំងអស់នឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ននៅពេលបើកបរ និងបន្ត ផ្សព្វផ្សាយដល់អ្នកដ៏ទៃទៀតឲ្យបានយល់ដឹងផងដែរ។
សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួនរួមមាន៖ សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក១៥០ក្បាល, សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង១៥០, ខិត្តប័ណ្ណ អ្វីដែលអ្នកបើកបរត្រូវដឹងចំនួន១,០០០សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត១៥០សន្លឹក, ខិត្តប័ណ្ណប្រការសំខាន់ៗដែលអ្នក
ប្រើប្រាស់ផ្លូវត្រូវចងចាំ១៥០សន្លឹក, សញ្ញាចរាចរណ៍សំខាន់ៗ១៥០ផ្ទាំង, ស្ទីកឃ័រពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍៥០ផ្ទាំង និងស្ទីកឃ័រសីលធម៌១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍៕