កោះកុង ៖ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២៤ អាជ្ញាធរខេត្តកោះកុងបើកកម្មវិធីផ្សព្វផ្សាយផែនការលេខ ០១ ផក ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយ:ពេល ០១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) និងបទបញ្ជាលេខ ០១ បប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលរៀបចំធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុង ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តបានលើកឡើងថា ស្ថិតក្នុងស្ថានភាព និងបរិបទខាងលើនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយក ត្តិបណ្ឌិត និងយកចិត្តទុកដាក់បំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវ ផែនការលេខ ០១ផក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពី យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) សម្រាប់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ក្រោមជាតិចាត់តាំង អនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាព ខ្ពស់។
ក្នុងន័យនេះក្នុងនាម ជាសេនាធិការឱ្យ ក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន យើងទាំងអស់គ្នាត្រូវ យកចិត្តទុក្ខដាក់បំផុតក្នុងការអនុវត្តផែនការ ខាងលើ ដើម្បីទប់ស្កាត់ ។
ចំណែកលោក ហាក់ ឡេង អភិបាលរងខេត្តក៏បានលើកឡើងបន្ថែមក្នុងកម្មវិធីថា អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវឲ្យមានករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន។ល។
លោក ហាក់ ឡេង បានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុង/ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ត្រូវចុះអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងកុំគិតផលប្រយោជន៍ខ្លួនឯងនាំទុក្ខដល់ប្រជាពលរដ្ឋ។ បើកាលណាមានល្បែងស៊ីសង គឺមានអំពើហិង្សា ចោរកម្ម ធ្វើឲ្យប្រជាពលភ័យខ្លាចទៀតផង។
ដូច្នេះដើម្បីភូមិឃុំមានសុវត្ថិភាព យើងត្រូវចូលរួមសហការជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយ និងពន្យល់ឲ្យពួកគាត់យល់ពីករណីល្បែងស៊ីសងឲ្យច្បាស់ និងឲ្យបានញឹកញាប់៕