ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូខេត្ត

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ សាលាអនុវិទ្យាល័យភ្នំយ៉ាត បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការវាយតម្លៃ និងការ​ទទួល​​ស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុង​គោលបំណងបំផុសចលនា​លើក​កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសាធារណៈ តាមរយៈផ្តល់ការលើក​ទឹក​ចិត្ត ដែលទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាព​គន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបាន​ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការ​យកចិត្តទុក​ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បាន​កំណត់​​ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ​ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង​ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធាន​មនុស្ស​ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត​ទាំង​អស់ ដែលបាន​ខិតខំយកកិត្តិយសដ៏ឧត្តុងឧត្តមជូនខេត្ត និងលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដូច្នេះយើងត្រូវ​រួមគ្នាប្រឹងប្រែងទាមទារឲ្យវិស័យផ្សេងៗទៀត បង្កើនការយកចិត្តទុកដាក់បន្តទៅមុខទៀត ពីព្រោះថា ការ​ប្រលងប្រណាំង​នេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត មានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់​សេវាសាធារណៈ​គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣ ហើយក្រៅពីជ័យលាភីអង្គភាពផ្តល់​សេវា​សាធារណៈ គំរូ ក្នុងវិស័យអប់រំ កម្រិតសាលា អនុវិទ្យាល័យ ក៏មានការប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតសាលាបឋមសិក្សា ព្រមទាំងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ផងដែរ។