ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្តប៉ៃលិន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និង ឯកឧត្តម លោកជំទាវ ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤ ផងដែរ ។
ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាលជាមួយអង្គបោះឆ្នោត និងបាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចប្រធាន សម្ដេចប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តប៉ៃលិនទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។
ទន្ទឹមនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ សូមរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់រដ្ឋតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យសម្រេច បានជោគជ័យតាមការរំពឹងទុក។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ទូទាំងខេត្តប៉ៃលិន ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារគណបក្ស និងការងាររដ្ឋ ហើយសម្រេចបានសមទ្ធិផលនានាជាច្រើន ជាពិសេសបានអនុវត្តការងារនានាក្នុងការត្រៀមរៀបចំការងារនានាសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយការបេ្ដជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមជោគជ័យជូនគណបក្ស។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត៕