លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

ប៉ៃលិន៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែល​បោះឆ្នោត​ជ្រើសរើស​ឡើង ពីប្រជាពលរដ្ឋ គឺមានស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍មូលដ្ឋានក៍ពិតមែន តែក្រុមប្រឹក្សាជា​ផ្នែក​មួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិត​​​​​បទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងស្របទៅ​តាម​សេចក្តី​ណែនាំ​របស់ក្រសួងមហាផ្ទៃ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ នាពេលកន្លងទៅ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់​ក្រោមជាតិ ដែលកំណែ​ទម្រង់​នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាម​គោលការណ៍​អភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ក្នុង​ការអនុវត្ត​ការងារ ដើម្បី​សម្រេច​​​​​បាន នូវគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីត​នាយករដ្ឋមន្ត្រី ​បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅ​ថ្នាក់​​ក្រោមជាតិ ដំណាក់​កាលទី២ (២០២១-២០៣០) ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន​ពលរដ្ឋ​ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំ ដុស​ខាត់​ទាំង​ចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូល​ដ្ឋាន ដើម្បីអនុវត្តតួនាទី និង​ភារកិច្ចរបស់​ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ​រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តនូវគោល​នយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។