គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ​ ស្ដីពីការ​ពង្រឹង​​កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​របៀបរៀបរយសាធារណៈ នៅក្នុង​ខេត្ត និងត្រៀមរៀបចំផែនការ​ការពារ​សន្តិ​សុខសណ្តាប់ធ្នាប់ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ​២០២៤ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្ថិតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ​លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការឯកភាពខេត្ត

ប៉ៃលិន៖ ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ​ ស្ដីពីការ​ពង្រឹង​​កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ​របៀបរៀបរយសាធារណៈ នៅក្នុង​ខេត្ត និងត្រៀមរៀបចំផែនការ​ការពារ​សន្តិ​សុខសណ្តាប់ធ្នាប់ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ​២០២៤ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្ថិតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ​លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការឯកភាពខេត្ត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍លើកឡើងថា៖ ការងារ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សម្រាប់​យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ​នេះ ដើម្បីអោយ​បាន​កាន់​តែរ​លូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ​ត្រូវ​អនុវត្ត​តាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទ​បញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយ​ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការ​បោះឆ្នោត  ដើម្បីធានាបាននូវសន្តិសុខ​សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងអង្គបោះឆ្នោតទាំងអស់ ទទួលយក​បាន​នូវលទ្ធផលនៃការបោះឆ្នោត តាម​បែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ៕

លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការ​បោះ​ឆ្នោត ដោយរៀបចំធ្វើផែនការជាក់​លាក់ ក្នុងការធានា​ដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់​លាស់ ដើម្បីធ្វើការពង្រាយកម្លាំងឱ្យ​អស់​លទ្ធភាព ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ជាប់សភាពការណ៍ សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ច​អន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមាន​ការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗទៀត និង ក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហា​សុខភាពផ្សេងៗ ដែលធ្វើឱ្យរំាងស្ទះដល់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅ​លើកិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣​ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែល​យើង​ទាំង​​អស់​គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវ​ការ​​របស់​ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជា​បំរើសេវា​សាធារ​ណៈ​ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕