ប៉ៃលិន៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការអនុវត្តថវិកាអោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងសកម្មភាពថវិកាប្រចាំឆ្នាំ និងការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញ ដល់គ្រប់មន្ទីរអង្គភាព ត្រូវតែគិតគូអោយបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនអោយបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ចំណែកការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៍ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាពជាក់ស្ដែងនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយ និង ផែនការថវិកាឆ្នាំខាងមុខទៀត ។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់គ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តាវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឲ្យកាន់តែមានភាពសុក្រិត្យ និងគណនេយ្យភាព ។