លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តកោះកុង៖​ ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

លោកជំទាវអភិបាល បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំមានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ អស់លោក លោកស្រី ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ​ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត  រដ្ឋបាលក្រុង ស្រុក  ឃុំ សង្កាត់  សាខាមូលនិធិជាតិជំនួយសង្គម ព្រមទាំង មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិសហប្រជាជាតិដើម្បីកុមារ ប្រចាំប្រទេសកម្ពុជា ហៅកាត់ថា(UNICEF) និងកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ ហៅកាត់ថា (GIZ)  ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នាពេលកន្លងមក ហើយនាងខ្ញុំក៏សង្ឃឹមថា មូលនិធិសហប្រជាជាតិដើម្បីកុមារ ប្រចាំប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអាឡឺម៉ង់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រ និងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកម្មវិធីនេះជាបន្តបន្ទាប់នាពេលខាងមុខទៀត។

យោងតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីផ្តល់ការគាំពារសង្គមទៅដល់គ្រួសារក្រីក្រ ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះមានកម្មវិធីជាតិជំនួយសង្គមមួយចំនួនមានលក្ខណៈអចិន្រ្តៃយ៍ ហើយមួយចំនួនទៀតក៏បានបិទបញ្ចប់ទៅតាមកាលកំណត់ជាក់លាក់។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចាប់អនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។

ទន្ទឹមនឹងនេះ សាខាមូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិករ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត​បាននឹងកំពុងដំណើរការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្សេងៗ​ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់។ ចំពោះកម្មវិធីជាតិជំនួយសង្គម ដែលនាងខ្ញុំសូមលើកឡើងក្នុងពេលនេះ គឺផ្តោតទៅលើ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០ មកម្លេះ ក្នុងគោលបំណងផ្តល់កិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានកំណត់យកថ្ងៃទី២៥ នៃខែនីមួយៗ ជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តកោះកុងយើង។ គិតចាប់តាំងពីដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ មកដល់ពេលបច្ចុប្បន្ន ការបើកផ្តល់ស្ថិតក្នុងជុំទី១៥ លើកទី៤២ ដែលមាន គ្រួសារទទួលផល សរុបចំនួន ១៣.០៣៣គ្រួសារ (ដប់បីពាន់ សូន្យសាមសិបបី គ្រួសារ) ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ៦៩.៦៧៥.៤៦៦.០០០រៀល   (ហុកសិបប្រាំបួនប៊ីលាន ប្រាំមួយរយចិតសិបប្រាំលាន បួនរយហុកសិបប្រាំមួយពាន់ រៀលគត់)។

ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាព នៃជំងឺកូវីដ-១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទមុខសញ្ញាក្រុមជនគោលដៅ និងកម្រិត នៃភាពក្រីក្រដដែល ប៉ុន្តែបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវប្រភេទមុខសញ្ញាក្រុមជនគោលដៅដទៃផ្សេងៗទៀតឱ្យនៅដដែល  ដែលបន្តិចទៀតនេះក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិងយុវនីតិសម្បទាខេត្ត នឹងធ្វើបទបង្ហាញពិស្តារ ជូនលោក លោកស្រី ដូច្នេះ សូមលោក លោកស្រី មេត្តាយកចិត្តទុកស្តាប់ និងកត់តា្រ ព្រមទាំងលើកឡើងជាសំនួរ ដើម្បីឱ្យខ្លួនឯងមានការយល់ដឹងកាន់តែច្បាស់ និងអាចយកទៅអនុវត្តបន្តនៅឯមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ។


ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមគូសបញ្ជាក់ថា កម្មវិធីរបស់យើងនាថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយពីទំហំសាច់ប្រាក់ឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់តួអង្គប្រតិបត្តិករតាមឃុំ សង្កាត់ ដើម្បីបន្តផ្សព្វផ្សាយទៅដល់អ្នកទទួលផល តាមខ្នងផ្ទះឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ចៀសវាងមានការយល់ច្រឡំណាមួយ។ ដើម្បីចៀសវាងនូវការយល់ច្រឡំនេះ នាងខ្ញុំសូមស្នើសុំដល់ លោកអភិបាលក្រុង ស្រុក  លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត  រដ្ឋបាលឃុំ-សង្កាត់ មេត្តាជួយផ្សព្វផ្សាយនូវស្មារតី នៃអនុក្រឹត្យថ្មីនេះឱ្យទូលំលាយនៅមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្សព្វផ្សាយឱ្យដល់មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជា អ្នកទទួលផលប្រយោជន៍ ពីកម្មវិធីនេះ។ ម្យ៉ាងទៀតពេលត្រឡប់ទៅវិញនេះ សូមលោកអភិបាលក្រុង ស្រុក ដឹកនាំធ្វើកិច្ចការនេះជាមួយ លោក លោកស្រីមេឃុំ ចៅសង្កាត់ និងក្រុមការងារពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយជាបន្ទាន់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះតែម្តង នៅតាមរដ្ឋបាលឃុំ-សង្កាត់។ ហើយប្រសិនបើមានគ្រួសារណា មិនបានមកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅរដ្ឋបាលឃុំ សង្កាត់តាមការអញ្ជើញទេនោះ គឺសូមស្នើឱ្យមានយន្តការណាមួយដើម្បីជូនដំណឹងទៅដល់គ្រួសារទាំងនោះឱ្យបានទទួលព៌ត៌មាននេះ យ៉ាងយូរត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ព្រោះថា ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះតទៅ គឺ យើងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភទំហំថ្មីនេះជូនពួកគាត់ ដូច្នេះ ប្រសិនបើពួកគាត់មិនបានទទួលព័ត៌មានច្បាស់លាស់ទេ គឺ អាចបង្កទៅជាការមិនពេញចិត្ត ការមិនសប្បាយចិត្ត ឬ អាចឈានទៅដល់ការបង្ហោះហ្វេសប៊ុក ចោទថាអាជ្ញាធរមូលដ្ឋានកាត់ប្រាក់ឧបត្ថម្ភរបស់ពួកគាត់ជាដើម ត្រង់ចំណុចនេះ សូមឱ្យអស់លោក លោកស្រី យកចិត្តទុកដាក់ឱ្យបានហ្មត់ចត់៕