ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹតលេខ ៣៧១ អនក្រ.បក ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង១០ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ សង្កាត់ទាំង១០៩ រួមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្ត្រចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ដែលប្រាក់ឧបត្ថម្ភក្នុងទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតឱ្យនៅដដែល ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងក្រោយពីទទួលបានការផ្សព្វផ្សាយនេះរួច សូមរដ្ឋបាលឃុំ សង្កាត់ ដោយមានការសម្របសម្រួលពីរដ្ឋបាលក្រុង ស្រុក កំណត់យកថ្ងៃណាមួយ ដើម្បីធ្វើការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និងសមាជិកភូមិ បន្តធ្វើការផ្សព្វផ្សាយ និងចែកបណ្ណផ្សព្វផ្សាយ តាមខ្នងផ្ទះអ្នកទទួលផល ឱ្យបានរួចរាល់មុនថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់អនុវត្តទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ៕