អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុមហ៊ុន ស៊ីភី ជួយទិញកសិផលរបស់កសិករក្នុងខេត្ត ឱ្យបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ

មានប្រសាសន៍លើកឡើងក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំ​ខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើដល់ក្រុមហ៊ុន ជួយទិញ​កសិផលពីប្រជាកសិករ​ក្នុង​ខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំ​ខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើដល់ក្រុមហ៊ុន ជួយទិញ​កសិផលពីប្រជាកសិករ​ក្នុង​ខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ។

នៅក្នុងជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក​ឡើង​ថា៖ ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ដែលមានផ្ទៃដី កសិកម្ម ចំនួន ៤០៣,៣គីឡូម៉ែត្រក្រឡា និងមាន ប្រជាពលរដ្ឋប្រមាណ ៧០% ប្រកបរបរកសិកម្ម ដូចនេះ ក្រុម ស៊ីភី ខេមបូឌា ប្រចាំខេត្តប៉ៃលិន បានដើរតួនាទី​យ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពតម្លៃ នៃផលិតផលកសិកម្ម ហើយបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយ​ហានិភ័យ​​ទីផ្សារ ដែលជារឿយៗនាំឱ្យមានការជន់លើផលិតផលកសិកម្មក្នុងរដូវប្រមូលផលម្តងៗ។

ជាការឆ្លើយតបលោក ស៊ូរ៉ាត់ យីមណយ (Mr. Surat Yimnoi) តំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំ​ខេត្តប៉ៃលិន បានសន្យាថា នឹងជួយទិញកសិផលពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ដូចជា៖ ពោត និង ដំឡូងមី អោយ​បានច្រើន ទៅតាមសំណូមពររបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត ក្នុងតម្លៃសមរម្យទៅតាមទីផ្សារជាក់ស្តែង ដែលជាការ ប្តេជ្ញាចិត្តក្នុងការអនុវត្តដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ស្របតាមកម្មវិធីគោលនយោបាយ​អាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានផ្តោតចក្ខុវិស័យ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកតំណាងក្រុមហ៊ុន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាអង្គភាពមួយ ដែលធ្វើ​អាជីវកម្មផ្អែកលើគោលការណ៍ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការ គឺ ប្រទេស​ជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា ហើយក៍ជាឫសគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោកអោយ​មាន​និរន្តរភាព​លើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមជាតិ និងបរិស្ថាន ។

បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ក្នុងឆ្នាំ២០២៣ កសិករក្នុងខេត្តប៉ៃលិន ផលិតបាន -បរិមាណដំឡូងមីក្រៀម ចំនួន ២១៥,៦០២ តោន – បរិមាណពោតក្រហមគ្រាប់ ចំនួន ១៦៣,៨៧៦ តោន ក្នុងនោះក្រុមហ៊ុន ស៊ី ភី ខេមបូឌាចំកាត់ សាខាខេត្តប៉ៃលិន និង ក្រុមហ៊ុនសហគ្រាស ទិញ-លក់ កសិផល បានរៀបចំកិច្ចសន្យាទិញ-លក់ប្រចាំឆ្នាំ គឺដំឡូងមីក្រៀម ចំនួន ១០០,០០០ តោន និងពោតក្រហមគ្រាប់ ចំនួន ៥០,០០០តោន ដូចនេះបងប្អូនប្រជាកសិករ ដែលមានកសិផលដូចជា៖ ពោតក្រហមគ្រាប់ និងដំឡូងមីក្រៀម អាចយកទៅលក់នៅ​ក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ សាខាខេត្តបាន ដែលស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយបើមានបញ្ហាអីសូមទំនាក់ទំនងមកកាន់​ក្រុមការងាររបស់​រដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៧១ ៩ ៦២១ ៦១០។