លោក ទូសាវុធ អភិបាលរងខេត្តកោះកុងបានឲ្យដឹងនៅយប់ថ្ងៃទី០៥មីនានេះថាអ្នកភ្នំពេញរស់នៅតំបន់ផ្ទុះជំងឺកូវីដ១៩ពេលធ្វើដំណើរទៅខេត្តកោះកុងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនិងយកសំណាករកជំងឺកូវីដ១៩។
លោកបានបន្តថា វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍នៅខេត្តកោះកុង។
លោកបានបន្តទៀតថា រដ្ឋបាលខេត្តបានដាក់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធរួមទាំងក្រុមគ្រូពេទ្យប្រចាំការនៅផ្លូវបំបែកស្រែអំបិលដើម្បីរង់ចាំត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងយកសំណាករាល់អ្នកធ្វើដំណើរដែលមកពីរាជធានីភ្នំពេញដែលមកពីតំបន់ដែលកំពុងផ្ទុះជំងឺកូវីដ១៩ដូចជាតំបន់N8ជាដើម។
លោកបានបន្ថែមថា «នៅក្នុងដៃសមត្ថកិច្ចមានបញ្ជីទាក់ទិននឹងតំបន់ប្រឈមគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩នៅភ្នំពេញរួចអស់ហើយ។អីចឹងនៅពេលសួរអ្នកដំណើរមកពីភ្នំពេញមកពីតំបន់ណាមួយសមត្ថកិច្ចនឹងឆែកមើលបើនៅតំបន់ប្រឈមត្រូវយកគាត់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនិងយកសំណាកទៅពិនិត្យរកកូវីដ១៩»។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ប៉ុន្តែប្រសិនបើពួកគាត់មិនរស់នៅតំបន់ដែលប្រឈមនឹងកូវីដ១៩ទេក្រុមគ្រូពេទ្យអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលដោយធ្វើការវ៉ាស់កំដៅជាមុនសិន។ បើកំដៅធម្មតាអាចអនុញ្ញាតឲ្យធ្វើដំណើរចូលខេត្តបានតែបើក្នុងករ ណីកំដៅខ្ពស់ខុសពីធម្មតាត្រូវឃាត់ទុករង់ចាំមន្ត្រីត្រួតពិនិត្យជាបន្តទៀត។
លោក ទូ សាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅភ្នំពេញបើមិនមានកិច្ចការចាំបាច់ទេសូមកុំមកខេត្តកោះកុងក្នុងដំណាក់កា លនេះដើម្បីចៀសវាងការធ្វើចត្តាឡីស័ក១៤ថ្ងៃនិងត្រូវយកសំណាកទៀតពិសេសចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំព្រោះថាខេត្តកោះកុងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈផងដែរ។
លោកបានបញ្ជាក់ថា អាជ្ញាធរបានផ្អាកការធ្វើដំណើរចេញចូលតំបន់ក្រុមហ៊ុនញូញៀនមួយរយៈសិន មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយដោយអ្នកខាងក្រៅហាមចូលក្នុងក្រុមហ៊ុនហើយអ្នកនៅខាងក្នុងក្រុមហ៊ុនមិនត្រូវអនុញ្ញាតឲ្យចេញមកខាងក្រៅឡើយដើម្បីទុកលទ្ធភាពឲ្យក្រុមការងារធ្វើការស្រាវជ្រាវបន្ថែមរកអ្នកជាប់ពាក់ព័ន្ធជាមួយជនជាតិចិន២នាក់ដែលមានតេស្តវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានឲ្យដឹងនៅយប់ថ្ងៃទី៥មីនានេះថារហូតមកដល់ល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តបានចុះស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធនឹងជនជាតិចិន២នាក់ចំនួន១៥៣នាក់បានយកសំណាកនិងឲ្យធ្វើចត្តាឡីស័កនៅអគារស្នាក់នៅរបស់ពួកគេតែម្តង៕