ប៉ៃលិន៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្រុកសាលាក្រៅ បានប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជន សសយក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងក្រុមការងារគណបក្សប្រជាជនចុះជួយឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ។
លោក សៀ សុខុម អភិបាលស្រុក និងជាប្រធានគណបក្សស្រុកសាលាក្រៅ បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា កម្ពុជា បាន និងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ឯក បានដឹកនាំប្រទេសជាតិទទួលបានឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ យើងប្រារព្ធខួបលើកទី៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់បានទៅកាន់សុគតិភពជារៀងរហូត។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បន្តថា៖ រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងច្រើនដែលនឹកស្មានមិនដល់ ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ ដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន និងកំពុងរស់នៅយ៉ាងសុខសាន្ត និងសុខុដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ហើយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
សូមបញ្ជាក់ថា៖ នៅចុងបញ្ចប់នៃអង្គមិទ្ទីញនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើការព្រលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕