ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំ សសយក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជន សសយក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរខួបទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៤)។
លោក លី សុងហ៊ី អភិបាលក្រុង និងជាប្រធានគណបក្សក្រុងប៉ៃលិន បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងអង្គមិទ្ទីញនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍បង្ហាញនូវចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់ គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ ហើយក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមបានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះបុព្វការីជន៧មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ី ឈាន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល តាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹង និងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កានរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរហូត។
សូមបញ្ជាក់ថា៖ នៅចុងបញ្ចប់នៃអង្គមិទ្ទីញនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើការព្រលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ដើម្បីបន្តការកសាង និងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕