ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ដឹកនាំគ្រប់អង្គភាព ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម និងវិស័យឯកជននានា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារដោយបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ និងបានចូលរួមចំណែកក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។
នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការនៃអង្គសន្និបាតទាំងមូលបានជ្រាបថា៖ ការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយរបស់រដ្ឋបាលខេត្តដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និងដើម្បីប្រមូលធាតុចូលសំខាន់ៗទុកជាមូលដ្ឋានបន្ថែមក្នុងការដាក់ចេញនូវទិសដៅការងារ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៤នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។
ក្នុងដំណើរការសន្និបាតរបស់យើងនាពេលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល០២ថ្ងៃពេញ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ដោយក្នុងនោះយើងនឹងធ្វើការបែងចែកក្រុមពិភាក្សាជា០៣ក្រុម ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធទៅនឹងការអនុវត្ត“ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយផ្តោតទៅលើលក្ខណៈសម្បត្តិដូចខាងក្រោម៖
ទី១. គ្មានបទលើ្មស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
ទី២. មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ និង
ទី៣. ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ការពិភាក្សាលើ០៣ចំណុចខាងលើនេះ គឺត្រូវកំណត់ឱ្យបានច្បាស់លាស់នូវអ្វីដែលជាបញ្ហាប្រឈម ដំណោះស្រាយ និងការកំណត់ទិសដៅ ដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះបន្តទៀត។
ឯកឧត្តម លោកជំទាវ ជាទីគោរព! លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី! ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាយើងទទួលបានជោគជ័យ និងមានការរីកចំរើនយ៉ាងច្រើនលើគ្រប់វិស័យ ដែលមានជាអាទិ៍ ៖
-ការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស
-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅបានយ៉ាងល្អ និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា
-ការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរ ជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល
-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ
-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យត្រចះត្រចង់។
សម្រាប់ឆ្នាំ២០២៣ ប្រទេសកម្ពុជាយើងក៏ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ ដោយបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានស្គាល់ តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅប្រកបដោយជោគជ័យ និងគួរជាទីមោទកបំផុត។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះ នៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ផងដែរ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយ និងបានចាត់ទុកដំណើរការនៃការបោះឆ្នោតនេះថា ជាការបោះឆ្នោតមួយដែលបានកើតឡើងយ៉ាងល្អក្នុងបរិយាកាសសុខសន្តិភាព និងបានឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យសេរី ពហុបក្ស យ៉ាងពិតប្រាកដ។
ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាយើងនឹងមានការបោះឆ្នោតសំខាន់ចំនួន០២រួមមាន ទី១៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈសេចក្តីសម្រេចលេខ៥៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។ ទី២៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ តាមរយៈសេចក្តីសម្រេចលេខ១០៦ ស.ស.រ របស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ពាក់ព័ន្ធទៅនឹងកិច្ចការបោះឆ្នោតទាំង២ខាងលើនេះ នាងខ្ញុំសូមស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកំលាំងគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំ រួមសាមគ្គីគ្នា ក្នុងការថែរក្សាសន្តិសុខសណ្តាប់សាធារណៈ និងត្រូវខិតខំបម្រើសេវាទាំងអស់ជូនប្រជាជន ឱ្យបានល្អប្រសើរប្រកបដោយក្របសីលធ៌មវិជ្ជាជីវៈ។


ជាមួយនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនជនរួមជាតិកម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាប អំពីអាទិភាព គោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំឥតងាករេ របស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តនូវកម្មវិធីកំណែទម្រង់សំខាន់ៗលើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” និង ”វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល” ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣។


យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនា៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥។
-បាវចនា៥ រួមមាន៖ កំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព។
-គោលដៅយុទ្ធសាស្ត្រ ៥ រួមមាន ៖
(១).ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា
(២).បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន
(៣).សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និង បន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
(៤).បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម និង
(៥).ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។
ជាមួយនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន៥ សម្រាប់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវយកមកអនុវត្ត។
ឯកឧត្តម លោកជំទាវ ជាទីគោរព! លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី! ផ្អែកតាមលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នាងខ្ញុំសូមជម្រាបជូនអង្គសន្និបាតទាំងមូលនូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១.អំពីការពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ៖ ដោយអនុវត្តតាម ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ រដ្ឋបាលខេត្តបានពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារដោយបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានយ៉ាងទៀងទាត់ទៅតាមដីកាស្តីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា កិច្ចប្រជុំគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំនានាស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដោយបច្ចុប្បន្ននេះ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក ក៏ដូចជាមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត បានអនុវត្តការងារប្រកបដោយជោគជ័យ និងមានស្មារតីទទួលខុសត្រូវ។ ផ្អែកតាមលទ្ធផលនេះ យើងជឿជាក់ថា ប្រសិទ្ធភាពការងាររដ្ឋបាល នឹងកាន់តែល្អប្រសើរដោយយើងទាំងអស់គ្នា ត្រូវបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច របស់អង្គភាពនីមួយៗ។
២.អំពីសាមគ្គីភាពផ្ទៃក្នុង៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង មានសាមគ្គីភាពគ្នាល្អ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរ មានភាពជិតស្និទ្ធជាមួយប្រជាជន និងបានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមន្ត្រីរាជការមួយចំនួនតូចឆ្លៀតឱកាសប្រើប្រាស់មុខងារ តួនាទី ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ នាងខ្ញុំសូមអំពាវនាវដល់មន្ត្រីគ្រប់រូប ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតួនាទី ភារកិច្ចរបស់ខ្លួនដោយត្រូវចាត់ទុកថាខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ហើយមិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ គួររំលឹកថាចំពោះមន្ត្រីរាជការ គឺមានតែការគោរពវិន័យ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារបានល្អប្រសើរ។
៣.កិច្ចការសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ៖ កិច្ចការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធខិតខំយកចិត្តទុកដាក់អនុវត្តបានយ៉ាងល្អប្រសើរ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការអប់រំផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ ហើយដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ គួរឱ្យកត់សម្គាល់។ ចំពោះការបង្ការទប់ស្កាត់អគ្គិភ័យ ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងការណែនាំពីវិធានការនានា តាមរយៈការចេញសេចក្តីណែនាំនានា របស់រដ្ឋបាលខេត្ត។


៤.ការបំរើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន៖ ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាពក៏ដូចជាការកែលម្អរជាប្រចាំ នូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងការបន្តជំរុញចលនាអនុវត្តគោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលជាកិច្ចការសំខាន់ចាំបាច់បំផុត និងបានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព នៅមូលដ្ឋាន។


៥.ការងារអត្តសញ្ញាណកម្ម៖ ត្រូវបានមន្ត្រីជំនាញខិតខំអនុវត្តស្របតាមក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងត្រូវបានបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រី ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងអត្តសញ្ញាណបុគ្គលម្នាក់ៗ សំដៅឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់កិច្ចអភិវឌ្ឍន៍នានាដែលត្រូវប្រើប្រាស់អត្តសញ្ញាណបុគ្គល។


៦.កិច្ចការពន្ធនាគារ៖ ត្រូវបានខិតខំយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងថែរក្សាការពារសុវត្ថិភាពនៅពន្ធនាគារដោយត្រូវអនុវត្តតាមគោលការណ៍ និងវិធានការនានា ដែលមានចែងជាធរមាន និងយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់មន្ត្រីពន្ធនាគារ និងជនជាប់ឃុំផងដែរ។


៧.ការអនុវត្តលើវិស័យសង្គមកិច្ចដទៃទៀត៖ ត្រូវបានពង្រឹងបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យខិតខំបន្តអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន ដើម្បីបម្រើសេវានានា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

៨.កិច្ចការទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ៖ រដ្ឋបាលខេត្តបានបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសថៃ បានយ៉ាងល្អប្រសើរ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការសន្តិសុខតាមព្រំដែន និងបានបន្តជំរុញឱ្យមានការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែនអន្តរជាតិចាំយាម-ហាតឡេក សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានខិតខំពង្រឹងចំណងមិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត នៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានចុះអនុស្សារណៈយោគយល់គ្នាជាមួយខេត្តជីលីន ខេត្តយូណាន ក្រុងវ៉ៃណាន នៃខេត្តសានស៊ី និងត្រៀមចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងខេត្តហឺប៉ិយ លើវិស័យកសិ-ឧស្សាហកម្ម វិស័យអប់រំ វិស័យសុខាភិបាល វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធ៌ម ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចខេត្តរបស់យើង។ ចំពោះទំនាក់ទំនងជាមួយប្រទេសវៀតណាម រដ្ឋបាលខេត្ត បាននិងកំពុងបន្តកិច្ចសហការជាមិត្តភាពជាមួយខេត្តកាម៉ៅ និងខេត្តគៀងយ៉ាង និងបានចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ២០១៨-២០២២ និងលើកទិសដៅសហប្រតិបត្តិការសម្រាប់អនុវត្តបន្តរវាងខេត្តកោះកុង និងខេត្តគៀងយ៉ាង។
៨.វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានអនុវត្ត និងទទួលបានសមិទ្ធផលនៅទូទាំងខេត្តដូចខាងក្រោម៖
ក.គម្រោងរបស់រដ្ឋបាលខេត្ត


-បានសាងសង់ផ្លូវបេតុងអាមេ ចំនួន 0៤ខ្សែ ប្រវែង ៣៩១៨ម៉ែត្រ
-បានសាងសង់ផ្លូវក្រាលកៅស៊ូអាសេ ចំនួន 1ខ្សែ ប្រវែង ២៣៥០ម៉ែត្រ
-បានជួសជុលផ្លូវ DBST ចំនួន ០៥ខ្សែ ទំហំ ២៨៣៣ម៉ែត្រការេ
-បានសាងសង់លូមូលដោះទឹកចំនួន ០៤ខ្សែ ប្រវែង ៣២០២ម៉ែត្រ
-បានស្តារលូប្រវែង ២៧៣២ ម៉ែត្រ និងស្តារប្រឡាយធម្មជាតិ ប្រវែង ៧២៩ ម៉ែត្រ
-បានសាងសង់ស្ពានបេតុង ចំនួន ០១កន្លែង
-បានជួសជុល និងថែទាំបណ្តាញអគ្គិសនីចំនួន ២១៥ បង្គោល និងតបណ្តាញឡើងវិញប្រវែង ២០០០ម៉ែត្រ
-បានរៀបចំចិញ្ចើមផ្លូវចាក់បេតុង ០១កន្លែង ប្រវែង ៣១៧ម៉ែត្រ ទទឹង ៣៤ម៉ែត្រ
-បានរៀបចំសួនកុមារ ចំនួន 0១កន្លែង
ខ.គម្រោងរបស់រដ្ឋបាលក្រុង ស្រុក
រដ្ឋបាលក្រុង-ស្រុក បានទទួលថវិកាពីរាជរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន និងក្រោមការគាំទ្រ និងសម្របសម្រួលរបស់រដ្ឋបាលខេត្ត រួមមាន៖
-បានសាងសង់ផ្លូវបេតុងអាមេ ចំនួន ០៥ខ្សែ ប្រវែង ៣០៩៨ ម៉ែត្រ
-បានសាងសង់ផ្លូវដីស ចំនួន ០១ខ្សែ ប្រវែង ៥១៣០ ម៉ែត្រ
-បានសាងសង់លូដោះទឹក ចំនួន 0៣ខ្សែ ប្រវែង ២០២៧ ម៉ែត្រ
-បានសាងសង់លូកាត់ផ្លូវចំនួន ០២ កន្លែង
-បានសាងសង់ទំនប់បង្ហៀរ ចំនួន ០១ កន្លែង
គ.គម្រោងរបស់រដ្ឋបាលឃុំ សង្កាត់
រដ្ឋបាលខេត្ត បានគាំទ្រ និងសម្របសម្រួលលើការអនុវត្តគម្រោងរបស់រដ្ឋបាលឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៣ រួមមាន៖
-បានសាងសង់ផ្លូវបេតុងអាមេ ចំនួន ២៥ ខែ្ស ប្រវែង ៩២១០ ម៉ែត្រ
-សាងសង់ផ្លូវបេតុងមានជើង ចំនួន ០២ ខែ្ស ប្រវែង ៦៧៨ ម៉ែត្រ
-សាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ១៨ ខ្សែ ប្រវែង ៤៥.៧៤ គីឡូម៉ែត្រ
-សាងសង់លូកាត់ផ្លូវ ចំនួន ២២ កន្លែង
-សាងសង់លូដោះទឹក ចំនួន ០៥ ខ្សែ ប្រវែង ១៧៩១ ម៉ែត្រ
ក្រៅពីសមិទ្ធិផលសង្ខេបខាងលើនេះ ក៏នៅមានសមិទ្ធិផលនានាជាច្រើនទៀត ដូចមាននៅក្នុងរបាយការណ៍ដែលបានផ្តល់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូលនេះស្រាប់។ សរុបមក សមិទ្ធផលដែលសម្រេចបានខាងលើនេះ ពិតជាបានមកដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ហើយខ្ញុំក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត វិស័យឯកជន និងអង្គការ សង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាអនុវត្តការងារ សម្រេចបាននូវសមិទ្ធិផលខាងលើគួរជាទីមោទកៈបំផុត។
ឯកឧត្តម លោកជំទាវ ជាទីគោរព! លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី! នៅពេលបន្តិចទៀតនេះ អង្គសន្និបាតនឹងបានស្តាប់នូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ដែលនឹងត្រូវអានដោយ លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត និងរបាយការណ៍សង្ខេប អំពីការអនុវត្តគោលនយោបាយ“ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលនឹងត្រូវអានដោយ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ“ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ។
ផ្អែកតាមរបៀបវារៈនៃសន្និបាតបូកសរុបការងារនេះ យើងនឹងមានការបែងចែកក្រុមពិភាក្សា ដោយផ្តោតទៅលើ ប្រធានបទសំខាន់ៗពាក់ព័ន្ធទៅនឹងការអនុវត្ត ”គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដូចដែលនាងខ្ញុំបានជម្រាបជូនខាងលើ ដូច្នេះនាងខ្ញុំសូមសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃក្រុមពិភាក្សាទាំង០៣ក្រុម មេត្តាចូលរួមផ្តល់មតិយោបល់ល្អៗដោយផ្តោតជាសំខាន់ទៅលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅដែលត្រូវអនុវត្តបន្តឱ្យបានល្អប្រសើរក្នុងឆ្នាំ២០២៤នេះ។

នាងខ្ញុំសង្ឃឹមជឿជាក់ថា បញ្ហាប្រឈមទាំងឡាយដែលមានក្នុងឆ្នាំ២០២៣ នឹងដោះស្រាយបានដោយជោគជ័យបន្ថែមទៀតក្នុងឆ្នាំ២០២៤នេះតាមរយៈការចូលរួមមតិយោបល់ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខបន្តទៀត។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យ ជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ សូមទទួលបាននូវវិបុលសុខគ្រប់ប្រការ និងសូមឲ្យសន្និបាតរបស់យើងនាពេលនេះ ទទួលបានលទ្ធផលល្អប្រសើរ និង សូមប្រកាសបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង ចាប់ពីពេលនេះតទៅ។ សូមអរគុណ!


ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤