លោកជំទាវ មិថុនា ភូថង ស្វាគមន៍លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកោះកុង និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាគណៈអធិបតតីនៅក្នុងពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង នាពេលនេះ។


ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាឱកាសនេះ។


ខ្ញុំសូមយកឱកាសនេះ សម្តែងនូវកោតសរសើរ និងសូមចូលរួមអបអរសាទរដោយស្មោះ ចំពោះ លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ដែលសមាគមត្រូវបានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ស្វាគមន៍របស់ លោកជំទាវ ព្រមទាំងសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគម សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ដែលបានរួបរួម ស្ម័គ្រចិត្តចាប់ដៃគ្នា ចងសម្ព័ន្ធជា សមាគម ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តកោះកុងរបស់យើង។ លើសពីនេះទៅទៀត ការដាក់ឱ្យដំណើរការជាផ្លូវការនូវសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ពិតជាបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាព របស់ស្ត្រី ដែលបានបំពេញតួនាទី កាតព្វកិច្ច ក្នុងការស្វែងរកផលប្រយោជន៍ ជូនសហគមន៍ និងប្រទេសជាតិរបស់ខ្លួន។


គណៈអធិបតី ជាទីគោរព! អង្គពិធីទាំងមូល ជាទីមេត្រី! ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង នាព្រឹកនេះ គឺជាការបើកទំព័រថ្មីមួយនៃការចូលរួមពីសមាគមដែលមានថ្នាក់ដឹកនាំ និងសមាជិក ដែលសុទ្ធសឹងតែជាស្ត្រី ជាមួយនឹងរដ្ឋបាលខេត្ត ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព ភាពអង់អាច របស់ស្ត្រីសម្រេចបាននូវសមភាពយេនឌ័រ ឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងបរិបទបច្ចុប្បន្ន ដោយ គូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ស្របពេលដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែផ្តោតការយកចិត្តទុកដាក់ដល់ស្ត្រី ដោយបានចាត់ទុកថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះ ការរៀបចំប្រារព្ធពិធីសម្ពោធធ្វើឡើងនាថ្ងៃនេះ គឺបានចូលរួមចែករំលែកបទពិសោធន៍ និងការតាំងពិព័រណ៍ផលិតផលសហគ្រិនស្ត្រីសាខាខេត្តកោះកុង ក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលរបស់ស្ត្រីនៅក្នុងខេត្ត ទៅតាមបណ្តាខេត្តនានា ការបណ្តុះបណ្តាលសហគ្រិនភាពជូនដល់សហគ្រិនជាស្ត្រី និងការចែករំលែកបទពិសោធន៍អាជីវកម្មឱ្យ គ្នាទៅវិញទៅមក ជាពិសេស បានផ្ដល់ឱកាសឱ្យស្ត្រីបានចូលរួមវេទិកាសាធារណៈ និងផ្តល់ឱកាសឱ្យស្ត្រីបានក្លាយខ្លួនជាសហគ្រិនស្ត្រីឆ្នើម នៅក្នុងរយៈពេលខ្លីខាងមុខនេះថែមទៀតផង។
ដូចដែលអង្គពិធីធ្លាប់ជ្រាបមកហើយថា នៅក្នុងគ្រួសារ ស្រ្តីភាគច្រើនមានបន្ទុកធ្ងន់ជាង បុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញតួនាទី កិច្ចការជូន អង្គភាព ឬស្ថាប័នដែលខ្លួនកំពុងបម្រើការឱ្យមានប្រសិទ្ធភាព។ ដូចនេះការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដកិច្ចក្នុងខេត្តនិងប្រជាជនក្នុងខេត្ត ពីការដែលទទួលបានចំណូលទាបទៅមធ្យម និងពីមធ្យមទៅខ្ពស់ នៅពេលអនាគត។ នៅក្នុងវិស័យសេដ្ឋកិច្ច ស្ត្រីជាច្រើនកំពុងធ្វើការនៅក្នុងសហគ្រាសខ្នាតតូច មធ្យម និងមុខរបរលក្ខណៈគ្រួសារ និងនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅផ្លូវការ។ ឥឡូវនេះ ជាពេលវេលាដែល យើងទាំងអស់គ្នា ត្រូវការប្រើប្រាស់សក្តានុពលរបស់ស្ត្រី យើងត្រូវផ្ដល់ជាគំរូសម្រាប់ក្មេងស្រីៗ ដូច្នេះពួកគេអាចចាត់ទុកខ្លួនឯងជាអ្នកដឹកនាំ ដែលពួកគេអាចធ្វើទៅបាន ហើយយើងត្រូវបន្ត លើកទឹកចិត្ដដល់បុរស ជាឪពុក អ៊ុំពូ បងប្អូន និងក្មេងប្រុសៗ ឱ្យគាំទ្រដល់ស្រ្តី និងក្មេងស្រី។ ហើយយើងត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា ទាំងក្នុងជួររដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ត្រូវរួមគ្នាដើម្បីផ្ដល់ឱកាសឱ្យស្ត្រីសម្រាប់ការដឹកនាំ និងការសម្រេចចិត្ត ដើម្បីអនាគត ប្រទេសកម្ពុជា ដែលពេលនេះគឺជាពេលវេលាមួយដែលស្ត្រីធ្វើដំណើរឆ្ពោះទៅមុខ។

-បន្តលើកទឹកចិត្ត និងបង្កើនចំនួនសមាជិកជាស្ត្រី ក្នុងតួនាទីផ្សេងៗរបស់សមាគម នៅគ្រប់កម្រិត
-បន្តអនុវត្តការងារបញ្ជ្រាប ផ្សព្វផ្សាយ អំពីផលិតផលខេត្ត ស្របតាមចក្ខុវិស័យ ដែលសមាគមបាននឹងកំពុងអនុវត្ត
-លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាព និងចំណេះដឹងទូទៅ តាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាលជូនដល់សមាជិក និងប្រជាជនក្នុងតំបន់
-បន្តស្វែងរកទីផ្សារ និងដៃគូសហការនានា ដើម្បីនាំផលិតផលក្នុងស្រុកមានឱកាស ឈានជើងទៅប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង នឹងអាចជាកម្លាំងមួយក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត ឱ្យកាន់តែមានសក្តានុពលថែមទៀត។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រយ៉ាងពេញទីហឹង និងសូមកោតសរសើរចំពោះរាល់ការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការលះបង់របស់ សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ដែលបានបង្កើតឱ្យមានសកម្មភាពរបស់ស្ត្រី យ៉ាងផុសផុល ជាចលនាមួយជំរុញការបង្កើនចំណូលជូនប្រជាជនក្នុងតំបន់ និងសេដ្ឋកិច្ច របស់ខេត្តទាំងមូល។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានចំណាយ ពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុតរបស់ខ្លួន អញ្ជើញមកចូលរួមក្នុងកម្មវិធីដ៏មានឧត្តម ប្រយោជន៍នាពេលនេះ។ សូមគោរពជូនពរ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាស ដាក់ឱ្យដំណើរការសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តកោះកុង ជាផ្លូវការ ចាប់ពីពេលនេះតទៅ។ សូមអរគុណ !


ថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣