(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៧៖០០នាទីព្រឹកនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត តាមបណ្តាក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ រួមទាំងសហភាពយុវជនកម្ពុជា និងតាមទីវត្តអារាម ក៍ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត បានរៀបចំពិធីទូងស្គរអបអរសាទរ ដើម្បីអបអរសាទ «រមនីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
រមណីដ្ឋានរមនីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ហើយរមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។
បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕