ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី “ទិវាពិភពលោកស្អាត” World Cleanup Day.លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលយើងទាំងអស់គ្នា បានរួមគ្នារៀបចំកម្មវិធី “ទិវាពិភពលោកស្អាត” “ World Cleanup Day”។
លោកជំទាវ មិថុនា ភូថង បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្អូនៗ ក្មួយៗទាំងអស់ ក្នុងពិធីអបអរសាទរ ទិវាពិភពលោកស្អាត លើកទី៦ ឆ្នាំ២០២៣ ដែលបាននិងកំពុងប្រព្រឹត្តទៅ នាពេលនេះ។ ប្រទេសកម្ពុជាយើងបានចូលរួមជាមួយពិភពលោកចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ក្នុងការរៀបចំ “ទិវាពិភព លោកស្អាត” World Cleanup Day នេះ ហើយសម្រាប់ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏បាននិងកំពុងរៀបចំ ទិវាដ៏មាន សារៈសំខាននេះផងដែរ សំដៅដើម្បីបន្តការចូលរួមចំណែក ជាមួយពិភពលោកក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង។ ដូចនេះដើម្បីឱ្យការរៀបចំនិងផ្សព្វផ្សាយ “ទិវាពិភពលោកស្អាត” World Cleanup Day បានទូលំលាយ នាងខ្ញុំសូមអំពាវនាវដល់ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរ ភោជនីយដ្ឋាន អាហារដ្ឋាន វត្តអារាម សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថាន ឱ្យបានជាប្រចាំ និងត្រូវចេះទុកដាក់ វិចខ្ចប់សំរាមឱ្យបានត្រឹម ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកអនាម័យ ពេលចុះទៅយក សំរាមនៅតាមខ្នងផ្ទះ តាមបណ្តាមន្ទីរ អង្គភាព សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមទីតាំងសាធារណៈជាដើម។
ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលរងខេត្តទទួលបន្ទុក និងក្រុមការងារ រួមនឹងមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋានដែលបានសហការ រៀបចំទិវានេះបាន យ៉ាងល្អ ស្របតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនស្រាបៀរ កម្ពុជាខេមប្រ៊ូវ ដែលបានចូលរួមឧបត្ថម្ភនូវ ទឹកបរិសុទ្ធ អង្គប៉ូរ៉ូ (Angkor Puro) ចំនួន ១៧កេស ទឹកក្រូចចំនួន ១៦កេស ក្នុងកម្មវិធីនេះ និងសូមជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ជាទីបញ្ចប់នាងខ្ញុំសូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ លោកអភិបាលរងខេត្ត លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុងខេមរភូមិន្ទ លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោក លោកសឺ ចៅសង្កាត់ មន្ត្រីរាជការទាំងអស់ ប្អូនៗ ក្មួយៗយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពុលៈ កុំបីឃ្លាងឃ្លាតឡើយ និង សូម ប្រកាសចាប់ផ្ដើមយុទ្ធនាការសំអាតអនាម័យ ចាប់ពីទីតាំងប្រារព្ធពិធីនេះ រហូតទៅដល់ ទីធ្លាមុខសាលាខេត្ត ចាប់ពី ពេលនេះតទៅ។