លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ​២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស​ក្រីក្រ ចង់បន្តការ​សិក្សានៅឧត្តមសិក្សា ព្រមទាំង​គ្រោង​រៀបចំ​បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ​អប់រំ​នៅក្នុងខេត្ត

ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ​២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស​ក្រីក្រ ចង់បន្តការ​សិក្សានៅឧត្តមសិក្សា ព្រមទាំង​គ្រោង​រៀបចំ​បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ​អប់រំ​នៅក្នុងខេត្ត ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បំប៉នត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២២-២០២៣ ដែលរៀបចំ និងឧបត្ថម្ភ ដោយ​សហភាព​​សហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន​វត្តមានចូលរួមពីសំណាក់ ថ្នាក់​ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជន​ត្រៀមប្រឡងផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍​លើក​ឡើង​​​​ថា៖ ដោយមានការឧបត្ថម្ភ​គាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីដៃគូ​អភិវឌ្ឍន៍​នានាផងនោះ សាលារៀនត្រូវបានសាងសង់តាំង​ពីទីប្រជុំជន​រហូតដល់តំបន់ដាច់ស្រយាល ដោយ​បានធ្វើអោយវិស័យអប់រំ យុវជន និង​កីឡា នៅខេត្តប៉ៃលិន មានការរីក​ចំរើនទំាងបរិមាណ និងគុណភាព ចាប់ពីមេត្តេយ្យសិក្សា ការអប់រំកុមារតូចតាម​សហគមន៍ ការអប់រំនៅបឋមសិក្សា និង​មធ្យមសិក្សា ដែលបានផ្តល់ឱកាសអោយកូនចៅប្រជាពលរដ្ឋ បានសិក្សារៀន​សូត្រ​គ្រប់កំរិត និងទទួលបានចំណេះដឹង មក​ចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយបានរីកចំរើនឡើងបន្ថែមទៀត ។

លោកជំទាវបណ្ឌិតប្រធាន ក៍បានបានមានប្រសាសន៍ផ្តាំផ្ញើដល់ ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវ​ជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ដោយត្រូវខិត​ខំយកចិត្ត​ទុកដាក់ក្នុងការ​សិក្សា និងក្រេបយកចំណេះដឹងពីព្រឹទ្ធាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលគាត់បង្ហាត់បង្រៀន​យើង ហើយត្រូវ​យកចំណេះដឹង​ទាំង​​​​នេះ ទៅបង្កើនសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការ​ប្រឡង​​មធ្យមសិក្សា​ទុតិយភូមិនាពេល​ខាងមុខ ហើយក្លាយជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃ​អនាគត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលតែងតែចំណាយទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងពេលវេលាដ៏មានតម្លៃ ក្នុងការឧបត្ថម្ភគាំទ្រ ឱ្យមានវគ្គ​បំប៉ន​ត្រៀម​​​ប្រឡង​នេះ​ឡើង​ និង​សូម​​ជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ឆ្នាំសិក្សា ២០២២ ២០២៣ ទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ គឺប្រព្រឹត្តទៅនៅ​ថ្ងៃទី​០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣​ ខាងមុខនេះ ដោយខេត្តប៉ៃលិន ទីតាំងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត​ប៉ៃលិន ដោយមាន​បេក្ខជនចូលរួមប្រឡង សរុបចំនួន ៦៥៣នាក់ ស្រី ៣១៣នាក់ ចែកជា ២មណ្ឌល (១-មណ្ឌលថ្នាក់​វិទ្យាសាស្ត្រសង្គម មាន ២១បន្ទប់ មានបេក្ខជន សរុបចំនួន ៥០៨នាក់ ស្រី ២២៣នាក់ ក្នុងនោះបេក្ខជនស្វៃរិនសរុបចំនួន  ៦៨នាក់ ស្រី ៣៣នាក់ និង ២-មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន ០៦បន្ទប់ មានបេក្ខជន សរុបចំនួន ១៤៥នាក់ ស្រី ៩០នាក់ គ្មានបេក្ខជនស្វៃរិន) ៕