ខេត្តកោះកុង៖ ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច“
លោកជំទាវអភិបាល បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣។
ជាការពិតណាស់អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការអប់រំ អក្ខរកម្ម ជួយមនុស្សគ្រប់រូបឱ្យអាចយល់ដឹង វិភាគព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងបង្កើត ឱកាសក្នុងការកែលម្អគុណភាពនៃជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ពោលគឺ អក្ខរកម្មបាន ជួយប្រជាពលរដ្ឋឱ្យទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការ កសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជំរុញកំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាព ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ក្រោយទទួលបានចំណេះដឹងផ្នែកអក្ខរកម្ម អ្នកសិក្សាដែលជាយុវជន និងជនពេញវ័យទាំងអស់នឹងមានលទ្ធភាពក្នុងការសិក្សាបន្ត ឬចាប់យកជំនាញផ្សេងៗ ជាពិសេសជំនាញសតវត្សរ៍ទី២១ (រួមមានការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ការទំនាក់ទំនង ការរៀបចំគម្រោង ការធ្វើបទបង្ហាញ ការដោះស្រាយបញ្ហា និងគំនិតអភិវឌ្ឍសង្គម ជាដើម។ ចំណេះដឹង និងជំនាញ (ទាំងជំនាញទន់ និងជំនាញរឹង) ដែលបានមកពីការសិក្សា រៀនសូត្រនេះ នឹងធ្វើឱ្យយុវជន និងជនពេញវ័យមានសមត្ថភាពគ្រប់គ្រាន់ និងគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ ឈានឆ្ពោះទៅបង្កើតអ្វីដែលថ្មី ឬឈានទៅបង្កើតមុខរបរឬអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំយ៉ាងមានប្រសិទ្ធភាព និងថ្មីៗនេះ ទទួលបាននូវ «ពានរង្វាន់អក្ខរកម្មពិភពលោក ឆ្នាំ២០២៣ – World Literacy Award 2023» ដែលជាសក្ខីភាព មួយនៃការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនូវវឌ្ឍនភាពជាវិជ្ជមានលើការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ និងភាពលេចធ្លោក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំ និងអក្ខរកម្ម។
ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកលដើម្បីរួមចំណែក បង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ…….។