អាជ្ញាធរខេត្តកោះកុង ប្រជុំពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង

ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ អំពីការកែសម្រួលព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង។

គោលបំណងនៃកិច្ចប្រជុំ លោកជំទាវអភិបាលខេត្ត ប្រធានអង្គប្រជុំ បានជម្រាបឱ្យដឹងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់ប្រមុខថ្នាក់ដឹកនាំ បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនគ្រប់វិស័យគួរជាទីមោទកៈ ជារួម និងដោយឡែកសម្រាប់ខេត្តកោះកុង ក៏ទទួលបាននូវសមិទ្ធផល នៃការរីកចម្រើន និងការអភិវឌ្ឍ ទាំងសេដ្ឋកិច្ច និងសង្គម។ តួយ៉ាងដូចជា វិស័យនគរូបនីយកម្ម និងដីធ្លី ដោយមានកំណើនប្រជាពលរដ្ឋនៅមូលដ្ឋាន ការពង្រីកផ្ទៃដីដាំដុះ បង្កើនផលិតភាពកសិកម្ម ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ និងដើម្បីធានានូវសិទ្ធិស្របច្បាប់លើដីធ្លីផងដែរនោះ រាជរដ្ឋាភិបាល បានធ្វើអនុបយោគដីឯកជនរបស់រដ្ឋ ដោយបានកាត់ឆ្វៀលដីតំបន់ការពារធម្មជាតិ និងដីសម្បទានសេដ្ឋកិច្ចមួយចំនួន សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ហើយទន្ទឹមនឹងនោះ កំឡុងពេលអនុវត្ត ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅតាមមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក មួយចំនួន នៃខេត្ត ក៏ជួបប្រទះនូវបញ្ហាប្រឈម អំពីព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ដែលមិនច្បាស់លាស់ ដែលបណ្តាលឱ្យដំណើរការនៃការចុះបញ្ជីដីពោល គឺការផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ត្រូវបានរាំងស្ទះ ដោយអន្លើៗនៅតាមទីតាំងភូមិសាស្រ្តណាមួយ។


បន្ទាប់ពីបានប្រមូលធាតុចូល ទាំងបញ្ហាប្រឈម និងដំណោះស្រាយជានីតិវិធី ជាលទ្ធផល លោកជំទាវអភិបាលខេត្ត ប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្តបន្ត ដោយតម្រូវឱ្យ៖

១.រដ្ឋបាលខេត្ត ពិនិត្យលទ្ធភាពបង្កើតក្រុមការងារចំពោះកិច្ចសិក្សាចងក្រងទិន្នន័យព្រំប្រទល់គ្រប់គ្រង  រដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ដែលមិនច្បាស់លាស់ ទូទាំងខេត្ត

២.រដ្ឋបាលក្រុង ស្រុក ត្រូវដឹកនាំការងារសិក្សា ចងក្រងទិន្នន័យព្រំប្រទល់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ

៣.កំណត់កាលបរិច្ឆេទ និងអាទិភាព ក្នុងការអនុវត្ត របស់ក្រុមការងារចំពោះកិច្ចខាងលើ។
ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕